វិធី​ការពារ​មិនឱ្យ​សក់​ឡើង​ស្កូវព្រោង​ព្រៀត

ការកើតមាន​នូវ​សក់ស្កូវ​មុន​អាយុ​ស្ទើរតែ​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​មនុស្ស​សម័យ​នេះ។ វា​ចាប់ផ្តើម​ពី​ចំនួន2-3សរសៃ រួច​បន្តទៅ​កើនឡើង​ជា​លំដាប់​រហូត​ក្លាយជា​ក្តីបារម្ភ​នៃ​សម្រស់ ជាពិសេស​ចំពោះ​បុរស​នារី​ដែល​ស្ថិតនៅក្នុង​វ័យ​ខ្ទង់​ទើបតែ​សាមសិប ដែល​មិនមែនជា​វ័យ​សមស្រប​ក្នុងការ​កើតមាន​សក់ស្កូវ​ទាល់តែសោះ។ មិន​ថា​យ៉ាងណាទេ គ្មាន​អ្នកណា​ប្រាថ្នា​ចង់ឃើញ​រូបរាង​ខ្លួនឯង​ក្នុង​រូប​បែប​ជា​ស្ត្រី ឬ​បុរស​ចំណាស់ ដោយសារតែ​សក់​ឡើង​ស្កូវព្រោង​ព្រៀត​នោះទេ ហើយ​បើ​នៅក្នុង​វ័យ​ដែល​មិន​សមគួរ​ទៀត​នោះ​គឺ​រឹតតែ​មិន​ចង់ដឹង​មិនចង់ឃើញទៀត​ទៅហើយ។ បែបនេះ​បណ្តោយ​មិន​បានទេ ត្រូវតែ​ចាត់ការ​ទើបបាន។

សក់ស្កូវ​អាច​កើតមានឡើង​តាម​កត្តាផ្សេងៗមួយចំនួន​ដូចជា ដំណរ​ពូជ របៀបរបប​នៃ​ការរស់នៅ ការផ្លាស់ប្តូរ​របប​អាហារ​ដោយ​ទាន់ហន់ និង​ការ​ធុញថប់​ជាដើម។ វា​ក៏​អាច​កើតឡើង​បានដែរ ប្រសិនបើ​អ្នក​កើតមាន​ដោយសារ​ការប្រើ​ឱសថ​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​ខ្វះ​ឈាមជំងឺ​ខ្វះ​ទី​រ៉ុ​ក​ស៊ីន (hypothyroidism) និង​ក្រិន​កោសិកា​ស្បែក​ជាដើម​ផងដែរ។ ហេតុផល​ចម្បង​មួយទៀត​ដែល​បណ្តាលឱ្យ​សក់ស្កូវ​គឺ ការបាត់បង់​នៃ​សារជាតិ​ពណ៌​ខ្មៅ​ដែលមាន​នៅក្នុង​ឫស​សក់។ ដូច្នេះ​ប្រសិនបើ​អ្នក​យល់ឃើញថា​មាន​ចំណុច​ណា​ដែល​អាច​កែប្រែបាន ដើម្បី​កាត់បន្ថយ និង​ការពារ​ការកើតមាន​ស​ក់​ស្កូវ​មុន​អាយុ​នោះ អ្នក​គួរតែ​ព្យាយាម​ធ្វើ និង​គេច​ឱ្យ​ផុត។ ក្រៅពីនេះ​អ្នក​ក៏​អាច​សាកល្បង​វិធី​មួយចំនួន​ដូចជា ទី1 យក​ស្លឹក​ក​​ន្ត្រោប​ទៅ​ស្ងោរ​ជាមួយ​ប្រេងដូង​ទុក​រហូត​វា​ឡើង​ពណ៌​ខ្មៅ ទុក​វា​ឱ្យ​ត្រជាក់ រួច​សឹម​យក​វា​មក​លាប​លើ​សរសៃសក់3-4ដង​ក្នុង​មួយ​សប្តាហ៍​មុនពេល​ចូល​គេង ហើយ​លាង​សម្អាត​ចេញ​នាពេល​ព្រឹក​ថ្ងៃ​បន្ទាប់។ ទី2​ យកតែ​ខ្មៅ2ស្លាបព្រា​បាយ ជាមួយនឹង​អំបិល1ស្លាបព្រា​កាហ្វេ​ទៅ​ដាក់​ក្នុង​ទឹក​ដែល​ដាំ​លើ​ភ្លើង​រយៈពេល2នាទី។ ទុក​វា​ឱ្យ​ត្រជាក់ រួច​ត្រង​វា​ឱ្យ​ស្អាត ដើម្បី​យកទៅ​លាង​សក់(មិនចាំបាច់​ប្រើ​សាប៊ូ​ទេ) ហើយ​ទុកឱ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង​ជាការ​ស្រេច។ ធ្វើបែបនេះ2-3ដង​ក្នុង​មួយ​សប្តាហ៍​អ្នកនឹង​ទទួលបាន​ផល​ជាទី​គាប់ចិត្ត​មិន-​ខាន។ ទី3 ខ្ទឹមបារាំង​គៀប​យកតែ​ទឹក​ចំណុះ3ស្លាបព្រាកាហ្វេ យកមក​លាយ​ជាមួយនឹង​ទឹកក្រូចឆ្មារ2ស្លាបព្រាកាហ្វេ មក​លាប​ឱ្យ​សព្វ​លើ​សរសៃសក់ ទុកចោល30នាទីសឹមសម្អាតចេញ។អនុវត្ត4-5ដង​ ក្នុង​មួយ​សប្តាហ៍ រយៈពេល2សប្តាហ៍​ អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព។

កុំអាល​និយាយថា​មិន​ជឿ​ណា សាកល្បង​សិន​ទៅ ថា​មិនត្រូវ​​រូបមន្ត​មួយ​ក្នុងចំណោម​រូបមន្ត​ទាំងអស់នេះ​អាច​ផ្តល់ប្រសិទ្ធភាព​ដល់​សក់របស់អ្នក​ក៏​អាចថា​បានដែរ៕

Advertisement