ទទួលទានទឹកត្រឹមត្រូវ ជួយថែរក្សាស្បែកបានយ៉ាងល្អនារដូវក្ដៅ

ការយកចិត្តទុកដាក់ចំពោះសុខភាពស្បែកក៏ជាផ្នែកមួយដែលទស្សនាវដ្ដី ឡារ៉ែន តែងលើកមកជម្រាបជូនប្រិយមិត្តអ្នក​អានផងដែរ។ នៅក្នុងអំឡុងរដូវក្ដៅនាខែមេសានេះ ការថែទាំស្បែកឱ្យមានសំណើម ទាំងស្បែកមុខ និងស្បែកដង​ខ្លួនឱ្យទន់​រលោងស្អាតនោះ ត្រូវចាប់ផ្ដើមពីទម្លាប់ទទួលទានទឹកឱ្យបានច្រើន និងបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។ ប្រសិនបើ​បរិមាណ​ទឹកដែល​អ្នកតែងទទួលទានគឺពី8កែវទៅ10កែវក្នុងមួយថ្ងៃនោះ គឺជារឿងមួយត្រឹមត្រូវហើយ តែដើម្បីទទួលទាន ឱ្យបាន​នៅ​ក្នុង​បរិមាណ​នេះ អ្នកគប្បីគួរយល់ដឹងបន្ថែមថា តើត្រូវទទួលទានទឹកបែបណា? មិនមែនឱ្យអ្នកទទួលទានតែមួយដងហើយឱ្យ​គ្រប់​បរិមាណ​8កែវនោះទេ គឺអ្នកត្រូវបែងចែកការទទួលទានទឹកឱ្យបានខ្ជាប់ខ្ជួនពេញមួយថ្ងៃ ឬអាចទទួលទាន តាមការណែនាំដូចខាងក្រោម​នេះ ៖

– ពេលភ្ញាក់ពីគេងទទួលទានទឹក 1 ឬ2កែវ។
– មុនពេលអាហារព្រឹក​ទទួលទានទឹក 1កែវកន្លះ។
– ពេលអាហារព្រឹកដល់ថ្ងៃត្រង់ទទួលទាន ទឹក 1កែវ។
– ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក1កែវកន្លះ។
– ពេលរសៀលដល់ល្ងាចទទួលទានទឹក1កែវ។
– ក្រោយពេលអាហារល្ងាច ទទួលទានទឹក1កែវកន្លះ។
– មុនពេលចូលគេងទទួលទានទឹក 1កែវ។

ប្រសិនបើអ្នកបែងចែកការទទួលទានទឹកដូចខាងលើនេះឱ្យបានខ្ជាប់ខ្ជួន នឹងធ្វើឱ្យរាងកាយរបស់អ្នកបានទទួលបរិមាណទឹកគ្រប់គ្រាន់ហើយក្រៅពីនេះ អ្នកអាចបន្ថែមការទទួលទានទឹកផ្លែឈើផ្សេងៗតាមចំណង់ចំណូលចិត្តរបស់អ្នកក៏បាន។ បរិមាណ​ទឹកស្អាត ដែលអ្នកទទួល-ទានបានគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយ នឹងជួយសម្អាតរាងកាយ ផ្តល់​សំណើម​ដល់​ស្បែក និងធ្វើឱ្យស្បែករលោងភ្លឺថ្លា។ អាកាស-ធាតុក្តៅ គួរប្រើវិធីទទួលទានទឹកម្តងបន្តិចៗ តែត្រូវទទួលទានញឹកញាប់។ គុណ​សម្បត្តិនៃការទទួលទានទឹកបានច្រើននៅក្នុងអំឡុងពេលរដូវក្ដៅ នឹងជួយដល់រាងកាយ និងសម្រស់ដូចជា ៖

1. ទឹក​ផ្ដល់សំណើម និងបង្កើន​ថាមពល​
ករណីអ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​អស់កម្លាំងនឿយហត់​នោះ សូម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ព្រោះ​ការ​ខ្សោះ​ជាតិ​ទឹក​ក៏​ធ្វើ​ឱ្យ​​រាងកាយអ្នកចុះទន់ខ្យោយដែរ។ ការ​ទទួលទាន​ទឹក​ក្នុង​ចំនួន​ដ៏​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​បេះ​ដូង​ច្របាច់​ឈាម​បាន​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។ ទឹក​អាចជួយ​ឱ្យ​ឈាម​ដឹកនាំ​អុកស៊ីែហ្ស៊ន និង​ជីវជាតិ​សំខាន់ៗ​ផ្សេង​ទៀត​ទៅ​ចិញ្ចឹម​កោសិកាក្នុងរាងកាយបានយ៉ាងល្អ​។

2. កាត់បន្ថយភាពតានតឹង
​ជាលិកាខួរក្បាល​មាន​ជាតិ​ទឹក​ប្រហែល70%ទៅ80%​។ បើសិន​ជា​អ្នក​ខ្សោះ​ជាតិ​ទឹក នោះរាងកាយ​របស់​អ្នក​នឹងមាន​បញ្ហា​ព្រមទាំងមានភាពតានតឹងនៅក្នុងអារម្មណ៍ខ្លាំងតែម្តង​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ​ស្រេកទឹក នោះ​មានន័យ​ថា អ្នក​កើត​មាន​អាកា​រខ្សោះជាតិ​ទឹក​បន្តិចប​ន្តួ​ច​ហើយ​។ ដូច្នេះ​ដើម្បី​កុំឱ្យ​មាន​ស្ត្រេ​សកាន់តែ​ច្រើន​នោះ ចូរ​ទទួលទាន​ទឹក​មួយ​កែវ ឬ​កាន់​ដប​ទឹក​​មួយដបតាម​ខ្លួន​ជាប់ជានិច្ច ពេលអ្នកមានអារម្មណ៍ថាស្រេកទឹកក៏លើកក្រេបទឹកបន្តិចចូលទៅ​។

3. ជួយឱ្យស្បែកមានសំណើម
​ស្បែក​ដែល​មាន​ភាព​ជ្រីវជ្រួញ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ពេល​អ្នក​ខ្សោះ​ជាតិ​ទឹក​។ ទឹក ប្រៀបដូចជាក្រែម​រក្សា​សម្រស់​បែបធ​ម្ម​ជា​តិ​ដូច្នោះដែរ​។ ការ​ទទួលទាន​ទឹក មានន័យថា​ ជា​ការផ្តល់​ជាតិ​ទឹក​ដល់​កោសិកា​ស្បែក​ ដើម្បី​ទទួល​បាន​នូវភាព​ក្មេង​ជាង​វ័យ​។​​​ ក្រៅពីនេះ​វា​ក៏​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់​ក្នុង​ស្បែក និង​ធ្វើឱ្យ​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗស្អាតតែម្តង​៕

Advertisement