ពិត​ទេ​គ្រាន់តែ​ គេង​ត្រាំ​ទឹក​ក្ដៅឧណ្ហៗ ក៏​អាច​ ដុត​កម្ដៅ​កាឡូរី​ប្រៀប​ដូច​ហាត់ប្រាណ​កន្លះ​ម៉ោង?

វា​ជា​ដំណឹង​ល្អ​មួយទៀត​សម្រាប់​មិត្តនារីៗ តើ​មាន​អ្នកណា​ដែល​ទៅ​នឹកស្មាន​ដល់​ថា គ្រាន់តែ​គេង​ត្រាំ​ទឹក​ក្ដៅលេងៗសោះ អាចជួយ​ដុត​កម្ដៅ​កាឡូរី​បាន ប្រៀប​បីដូច​ជា​ដើរ​ហាត់ប្រាណ​បាន​កន្លះ​ម៉ោង​ទៅហើយនោះ។ ទស្សនាវដ្ដី ឡា​រ៉ែ​ន បាន​ពាំនាំ​ការស្រាវជ្រាវ​មួយ​នេះ មក​ផ្ដល់ជូន​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឱ្យបាន​ជ្រាប។

បើតាម​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហើប​ឱ្យដឹងថា មាន​ក្រុម​បុរស​ចំនួន14នាក់​មកពី Loughborough University មក​សាកល្បង​ធ្វើការ​ពិសោធ​ការដុត​កម្ដៅ​កាឡូរី។ បុរស​ទាំងអស់​ត្រូវ​ចែកជា​ពីរ​ក្រុម ដែល​ក្រុមបុរស7នាក់​ដំបូង​នឹងត្រូវ​ធ្វើការ​សាកល្បង​ដុត​កាឡូរី​ដោយ​ការ​ជិះ​កង់​ក្នុង​រយៈពេល1ម៉ោង និង​ក្រុម​មួយទៀត​
តម្រូវឱ្យ​គេង​ត្រាំ​ទឹក​ក្ដៅលេងៗ នៅក្នុង​អាង​ងូតទឹក​ក្ដៅ​ស្ថិតនៅក្នុង​សីតុណ្ហភាព104ហ្វា​រិ​ន​ហៃ ឬ​ស្មើរនឹង40អង្សា​សេ នៅក្នុង​រយៈពេល1ម៉ោង​ដូចគ្នា។ ជា​ចុងក្រោយ​លទ្ធផល​បានបញ្ជាក់​ឱ្យឃើញថា ក្រុម​គេង​ត្រាំ​ទឹក​ក្ដៅ បាន​ដុត​កម្ដៅ​កាឡូរី​បាន130កាឡូរី​ឯណោះ បើ​ធៀប​ទៅនឹង​ក្រុម​អ្នកជិះ​កង់​បាន​កន្លះ​ម៉ោង។

ដោយសារតែ​ការ​គេង​ត្រាំ​ទឹក​ក្ដៅ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ដូចជា​ការហាត់​ប្រាណ​ដែរ ហើយ​វា​ក៏​អាចជួយ​សម្រាល​អាការ​រលាកផ្សេងៗនៅក្នុង​រាងកាយបាន​ថែមទៀតផង។ ម្យ៉ាងទៀត ឆ្លងកាត់​ការពិសោធ​ខាង
លើ​អស់​រយៈពេល24ម៉ោង ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ឈាមបាន​ធ្លាក់ចុះ​ដល់​ទៅ10% ដែល​វា​ជា​គុណប្រយោជន៍​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រោគ​បេះដូង និង​លើសឈាម។

បច្ចុប្បន្ននេះ​មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ការ​គេង​ត្រាំ​ទឹក​ក្ដៅ​បែបនេះ ជាពិសេស​គឺ​ពេញនិយម​នៅ​ប្រទេស​ហ្វាំ​ង​ឡង់។ ដោយ​សម្លឹង​ឃើញថា វា​ជា​វិធី​មួយ​ដើម្បី​ព្យាបាល​ជំងឺ ហើយ​ការ​គេង​ត្រាំ​ទឹក​ក្តៅឧណ្ហៗបែបនេះ​ជួយ​បន្ថែម​សីតុណ្ហភាព​រាងកាយ​ឱ្យ​កាន់តែ​កក់ក្ដៅ​បន្ថែម​ទៀតផង។ ចំពោះ​បងប្អូន​ប្រជាកសិករ ក៏​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ ដើម្បី​ព្យាបាល​ខ្លួន​ជាបឋម​នៅតាម​ផ្ទះ​ផងដែរ។ ការ​លាតត្រដាង​នូវ​គុណសម្បត្តិ​នៃ​ការ​គេង​ត្រាំ​ទឹក​ក្ដៅ គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​ដែល​ស្ថិតក្នុង​តំបន់​ត្រជាក់ និយម​អនុវត្ត​វិធីសាស្ត្រ​នេះ​នៅក្នុង​អំឡុង​ខែត្រជាក់​ជាពិសេស​តែម្តង។

ចំពោះ​អ្នក​ដែល​មមាញឹក​នឹង​ការងារ​ខ្លាំង ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការហាត់​ប្រាណ ក៏​គប្បី​ពិចារណា​អនុវត្ត​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​នេះដែរ ហើយ​វិធី​នេះ​អ្នក​អាចអនុវត្ត​បានជា​រៀងរាល់ថ្ងៃ​នៅពេល​ងូតទឹកម្តងៗ បើទោះបីជា​កន្លះ​ម៉ោង ឬមួយ​ម៉ោង​ក្ដី ពោលគឺ​ត្រូវ​ញែក​ពេលវេលា​សម្រាប់​ថែរក្សា​សុខភាព​របស់​អ្នកផង​ណា៎៕

Advertisement