កុមារឥណ្ឌូណេស៊ី ៩៩ នាក់ ស្លាប់​ដោយ​សារ​របួស​តម្រង​នោម ក្រោយ​ពី​ផឹក​ថ្នាំ​ស៊ីរ៉ូក្អក

ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី ១៩ តុលា បាន​ប្រកាស​ថា បាន​រកឃើញ​កុមារ​ ៩៩ នាក់ បាន​ស្លាប់​ដោយ​សារ​របួស​តម្រង​នោម​ ទាក់​ទិន​នឹង​ថ្នាំ​ក្អក​ប្រភេទ​ទឹក​ស៊ីរ៉ូ paracetamol ព្យាបាល​អាការ​ក្ដៅ​ ដែល​នាំ​ចូល​ពី​ ឥណ្ឌា។

អ្នកនាំពាក្យ​របស់​ ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១៨ តុលា ២០២២ ប្រទេស​នេះ​បាន​រកឃើញ​ករណី​របួស​តម្រង​នោម​ស្រួច​ស្រាវ​ចំនួន ២០៦ នាក់ ក្នុង​នោះ​មាន​ ៩៩ នាក់​បាន​បាត់បង់ជីវិត​។

ស្ថាប័ន​គ្រប់គ្រង​អាហារ​ និង​ឱសថ​ជាតិ​ឥណ្ឌូណេស៊ី កំពុង​ស្រាវជ្រាវ​ដើម្បី​ឱ្យ​ដឹង​ថា សមាស​ធាតុ diethylene glycol និង ethylene glycol ក្នុង​ស៊ីរ៉ូក្អក ធ្វើ​ឱ្យ​មាន​ជាតិ​ពុល​នៅ​ក្នុង​បណ្ដា​ធាតុ​ដទៃ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ធាតុ​ផ្សំ​ក្នុង​ថ្នាំ​នេះដែរ ឬ​យ៉ាង​ណា​។

ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី បាន​ស្នើ​ឱ្យ​មន្ទីរ​ពេទ្យ និង​មជ្ឈមណ្ឌល​សុខាភិបាល​ក្នុង​ប្រទេស​ ប្រមូល​យក​ថ្នាំ​ប្រភេទ​ខាង​លើ ទៅ​ពិនិត្យ​រក​សារធាតុ​ពុល​ និង​ផ្អាក​ការ​លក់​ថ្នាំ​ស៊ីរ៉ូក្អក​ដែល​មាន​ផ្ទុក paracetamol នេះ​រហូត​ដល់​មាន​ប្រកាស​ថ្មី​៕

Advertisement