វីរុស​អុត​ស្វា (Monkeypox) ចាប់ផ្ដើម​សម្លាប់​អ្នកជំងឺ​នៅ ឥណ្ឌា

អ្នកជំងឺ​អុត​ស្វា​ម្នាក់​អាយុ ២២ ឆ្នាំ នៅ​ក្រុង Thrissur បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ បន្ទាប់ពី​ត្រលប់​មកពី អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

មេដឹកនាំ​សុខាភិបាល​របស់​រដ្ឋ Kerala ភាគខាងត្បូង​នៃ ប្រទេស​ឥណ្ឌា លោកស្រី Veena George បានប្រកាសថា អ្នកជំងឺ​ខាងលើ​បាន​ស្លាប់​កាលពី​ថ្ងៃទី ៣០ កក្កដា នៅក្នុង​ទីក្រុង Thrissur នៃ​រដ្ឋ Kerala ដោយ​មុន​នោះ​វិជ្ជមាន​នឹង​វីរុស​អុត​ស្វា ពេល​នៅឯ​បរទេស។

នេះ​គឺជា​ករណី​ដំបូង​ដែល​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា​នៅ ឥណ្ឌា និង​ជា​ករណី​ស្លាប់​ទី ៤ នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក។ អ្នកជំងឺ​ខាងលើ​ដែលមាន​ស្រុកកំណើត​នៅក្នុង​ខណ្ឌ Punniyoor នៃ​ទីក្រុង Thrissur បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ក្រោយពី​ត្រលប់​មកពី អា​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

លោកស្រី Veena George បានឱ្យដឹងថា អ្នកជំងឺ​នេះ​បានទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង​វីរុស​អុត​ស្វា​តាំងពី​ពេល​នៅឯ​បរទេស ប៉ុន្តែ សាច់ញាតិ​របស់​អ្នកជំងឺ​នេះ​ទើបតែ​បានប្រគល់​លទ្ធផល​តេស្ត​នេះ​ឱ្យ​មន្ត្រី​សុខាភិបាល កាលពី​ថ្ងៃទី ៣០ ខែ​កក្កដា។

គិត​មកដល់ពេលនេះ ឥណ្ឌា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ចំនួន ៤ នាក់​មកហើយ ក្នុងនោះ​មាន ៣ នាក់​នៅ Kerala និង​ករណីខ្លះ​នៅ ញូវដែលី។

អ្នកជំងឺ​អុត​ស្វា​មាន​អាការរោគ​ពី​ស្រាល​ទៅ​មធ្យម ក្នុងនោះ​មានដូចជា អាការ​ក្ដៅខ្លួន វិលមុខ ចេញ​កន្ទួល ពង​ខ្ទុះ​លើ​ស្បែក និង​អាចជា​សះស្បើយ​ក្រោយ​រយៈពេល​ច្រើន​សប្ដាហ៍។

WHO បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន​ទាំង​បុគ្គលិក​សុខាភិបាល និង​ក្រុម​បុរស​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ច្រើន​នាក់៕

Advertisement