ករណី​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា (Monkeypox) ដំបូង​គេ នៅ​ខាងក្រៅ​ទ្វីបអាហ្វ្រិក

បរុស​វ័យ ៤១ ឆ្នាំ នៅ ប្រទេស​ប្រេ​ស៊ី​ល បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​អុត​ស្វា ដែល​នេះ​បាន​ក្លាយជា​ករណី​ស្លាប់​ដំបូង​ដែល​ទាក់ទិន​នឹង​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក។

អ្នកជំងឺ​ខាងលើ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ខ្លាំង បាន​ស្លាប់​នៅ Belo Horizonte ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Minas Gerais ភាគ​និរតី​នៃ ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី ២៨ កក្កដា។

ដើម្បី​កុំឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​ក្នុង​សហគមន៍ ប្រការ​សំខាន់​គឺ​ត្រូវ​សង្កត់ធ្ងន់ថា ក្រៅពី​ជំងឺ​អុត​ស្វា បុរស​ដែល​បាន​ស្លាប់​ខាងលើ​ក៏មាន​ជំងឺ​ជាច្រើន​មុខ​ផ្សេងទៀត នេះ​បើតាម Fabio Baccheretti ប្រធាន​នាយកដ្ឋាន​សុខាភិបាល​របស់​រដ្ឋ Minas Gerais។ លោក Baccheretti បន្ថែមថា មុន​នោះ អ្នកជំងឺ​​នេះ​កំពុង​​ព្យាបាល​មហារីក។

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជិត ១,០០០ នាក់ ដែល​ភាគច្រើន​នៅក្នុង​រដ្ឋ Sao Paulo និង Rio de Janeiro។ ករណី​ឆ្លង​វីរុស​អុត​ស្វា​ដំបូង​នៅ ប្រេ​ស៊ី​ល ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី ១០ ឧសភា នៅលើ​បុរស​ម្នាក់​ដែល​ទើបតែ​វិល​ត្រលប់​ពី​ដំណើរ​ទេសចរណ៍​នៅ អឺរ៉ុប។

កាលពី​ថ្ងៃទី ២៩ កក្កដា ប្រទេស​អេ​ស្ប៉ា​ញ ក៏បាន​ប្រកាស​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​អុត​ស្វា ដែល​នេះ​ក៏​ជា​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដំបូង​គេ​នៅ អឺរ៉ុប។

អ្នកជំងឺ​អុត​ស្វា​មាន​អាការរោគ​ពី​ស្រាល​ទៅ​មធ្យម ក្នុងនោះ​មានដូចជា អាការ​ក្ដៅខ្លួន វិលមុខ ចេញ​កន្ទួល ពង​ខ្ទុះ​លើ​ស្បែក និង​អាចជា​សះស្បើយ​ក្រោយ​រយៈពេល​ច្រើន​សប្ដាហ៍។

WHO បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន​ទាំង​បុគ្គលិក​សុខាភិបាល និង​ក្រុម​បុរស​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ច្រើន​នាក់៕

Advertisement