WHO ៖ ជំងឺ​អុត​ស្វា (Monkeypox) បាន​ឆ្លង​រាលដាល​ដល់ ៧៨ ប្រទេស

មជ្ឈមណ្ឌល​ជំងឺ​អុត​ស្វា​មួយ​កន្លែង​នៅ ប្រទេស​ឥណ្ឌា

យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) មកដល់​បច្ចុប្បន្ន ៩៨% នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ដែល​ត្រូវបាន​រកឃើញ​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក គឺជា​ក្រុមមនុស្ស​ប្រុស​ដែល​រួមភេទ​ជាមួយ​ប្រុស​ដូចគ្នា។

កាលពី​ថ្ងៃទី ២៧ កក្កដា WHO ប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាង ១៨,០០០ នាក់ នៅក្នុង ៧៨ ប្រទេស ក្នុងនោះ​ភាគច្រើន​គឺ​នៅ ទ្វីបអឺរ៉ុប។

មុន​នោះ កាលពី​ថ្ងៃទី ២៣ កក្កដា WHO បានប្រកាស​អាសន្ន​ផ្នែក​សុខាភិបាល​ចំពោះ​រលក​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា​លើក​នេះ ដែល​នេះ​គឺជា​ការប្រកាសអាសន្ន​ក​ម្រិ​ត​ខ្ពស់បំផុត​ចំពោះ​ជំងឺឆ្លង​មួយ​ប្រភេទ។

យោងតាម WHO មកដល់​បច្ចុប្បន្ន ៩៨% នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ដែល​ត្រូវបាន​រកឃើញ​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក (អាហ្វ្រិក គឺជា​ទ្វីប​ដែល​បានចាត់ទុក​អុត​ស្វា​ជា​ជំងឺ​រាតត្បាត​ដោយ​តំបន់) គឺជា​ក្រុមមនុស្ស​ប្រុស​ដែល​រួមភេទ​ជាមួយ​ប្រុស​ដូចគ្នា។

WHO បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន​ទាំង​បុគ្គលិក​សុខាភិបាល និង​ក្រុម​បុរស​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ច្រើន​នាក់។

WHO ក៏បាន​ព្រមាន​ថា ត្រូវការ​ពេល​ច្រើន​សប្ដាហ៍​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ ទើប​រាងកាយ​មាន​ប្រព័ន្ធ​ការពារ​គ្រប់គ្រាន់ ដូច្នេះ គ្រប់គ្នា​ត្រូវតែ​បន្ត​ការពារ​ខ្លួន​រហូត​ដល់ពេល​វ៉ាក់សាំង​មាន​អនុភាព​ពេញលេញ។

ការផ្ទុះ​ឆ្លង​រាលដាល​លើក​នេះ វីរុស​អុត​ស្វា​បានធ្វើឱ្យ​អ្នកជំងឺ​ប្រហែល ១០% ត្រូវ​ចូល​ពេទ្យ និង​អ្នកជំងឺ ៥ នាក់​បាន​បាត់​បង់ជីវិត ដែល​ទាំងនេះ​សុទ្ធតែ​កើតឡើង​នៅក្នុង ទ្វីបអាហ្វ្រិក។

ជំងឺ​អុត​ស្វា​ដើម​ឡើង​យ​មិនសូវ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ប៉ុន្មាន ព្រោះតែ​វា​មាន​នៅតែ​ក្នុង ទ្វីបអាហ្វ្រិក ប៉ុណ្ណោះ នៅក្នុង​ច្រើន​ទសវត្សរ៍​មកនេះ។ ក៏ប៉ុន្តែ មកដល់​ខែឧសភា ២០២២ ករណី​ឆ្លង​ជំងឺ​នេះ​ក៏ត្រូវ​បាន​រកឃើញ​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក។

អ្នកជំងឺ​អុត​ស្វា​មាន​អាការរោគ​ពី​ស្រាល​ទៅ​មធ្យម ក្នុងនោះ​មានដូចជា ក្ដៅខ្លួន វិលមុខ ចេញ​កន្ទួល ពង​ខ្ទុះ​លើ​ស្បែក និង​អាចជា​សះស្បើយ​ក្រោយ​រយៈពេល​ច្រើន​សប្ដាហ៍។

ប្រធាន WHO លោក Tedros បានឱ្យដឹងថា បច្ចុប្បន្ន​ពិភពលោក​មាន​វ៉ាក់សាំង​អុត​ស្វា​ស្របច្បាប់​ហែល ១៦ លាន​ដូ​ស ប៉ុន្តែ សុទ្ធតែ​ស្ថិតក្នុង​កញ្ចប់ធំៗ និង​ត្រូវ​ចំណាយពេល​ច្រើន​ខែ​ដើម្បី​បែង​ជា​កញ្ចប់តូច។

WHO អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ដែលមាន​វ៉ាក់សាំង​អុត​ស្វា ចែករំលែក​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ។

អង្គការ​សុខភាព​ពិភពលោក បាន​គណនា​ឃើញថា ពិភពលោក​ត្រូវការ​វ៉ាក់សាំង​អុត​ស្វា​ពី ៥ ទៅ ១០ លាន​ដូ​ស ដើម្បី​ចាក់​ជូន​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់៕

Advertisement