ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​អំពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា នៅ​ទូទាំង​សកលលោក

ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់ (IHR) របស់ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៣ មិថុនា លោក Tedros Adhanom Ghebreyesus សង្កត់ធ្ងន់ថា គ្រប់​ប្រទេស​ត្រូវ​បង្កើន​សមត្ថភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​ជំងឺ​អុត​ស្វា (Monkeypox) ដោយ​ការបង្កើន​ការតាមដាន ស្រាវជ្រាវ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក ថ្លែងថា ករណី​ឆ្លង​ជំងឺ​អុត​ស្វា នៅក្នុង​បណ្ដា​ប្រទេស​ដែល​ទើប​រកឃើញ​ករណី​ឆ្លង​ជំងឺ​នេះ ភាគច្រើន​គឺជា​បុរស​ភេទ​ទី​បី ហើយ​ក្រុមមនុស្ស​នេះ​តែងមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ច្រើន​នាក់។ លោក Tedros បាន​ព្រមាន​ថា ស្ថានភាព​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​កំពុងតែ​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ហាក់​កំពុង​ត្រូវបាន​វាយតម្លៃ​ទាប។

យោងតាម​ស្ថិតិ​ថ្មី​បំផុត​របស់ WHO គិត​ចាប់ពី​ដើមឆ្នាំ​រហូតដល់​បច្ចុប្បន្ន បណ្ដា​ប្រទេស​ក្នុង​តំបន់ អាហ្វ្រិក​កណ្ដាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​ថ្មី​ចំនួន ៣,២០០ នាក់ និង​ករណី​សង្ស័យ​ជិត ១,៥០០ នាក់។ ក្រៅពីនេះ នៅមាន​ករណី​ស្លាប់​ចំនួន ៧០ នាក់ ត្រូវគេ​សង្ស័យថា ជាប់​ទាក់ទិន​នឹង​ជំងឺ​អុត​ស្វា​នេះដែរ។

តាម​គម្រោង ក្នុង​ថ្ងៃទី ២៤ មិថុនា​នេះ IHR នឹង​លើកឡើង​នូវ​ការណែនាំ​ស្ដីពី «ស្ថានភាព​បន្ទាន់​អំពី​សុខភាព​សាធារណៈ​ដែល​ត្រូវបាន​អន្តរជាតិ​យកចិត្តទុកដាក់» (PHEIC) និង​ធ្វើការ​វាយតម្លៃ​អំពី​ហានិភ័យ​ចំពោះ​សុខភាព​មនុស្ស ហានិភ័យ​នៃ​ការឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​ហានិភ័យ​របស់​ជំងឺ​នេះ​ចំពោះ​ការដើរ​ហើរ​នៅលើ​សកលលោក។

យោងតាម​ការណែនាំ​រប​ស់ IHR លោក Tedros នឹងធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ​អំពី​ការ​ដែលថា តើ​គួរ​ចាត់ទុក​ជំងឺ​អុត​ស្វា​ជា​ស្ថានភាព​ដែល​ហៅថា PHEIC ដែរ ឬ​អត់។ រាប់​ចាប់ពី​ឆ្នាំ ២០០៩ WHO បានប្រកាស​ស្ថានភាព PHEIC ចំនួន ៦ លើក​មកហើយ ក្នុងនោះ ករណី​ចុងក្រោយបង្អស់​គឺ ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ កាលពី​ឆ្នាំ ២០២០៕

Advertisement