កម្ពុជា ពិចារណា​លើ​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទីសាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី ២៥ មេសា នេះ បាន​ថ្លែងថា សម្ដេច​បាន​ស្នើឱ្យ​ក្រុមមន្ត្រី​សុខាភិបាល ពិចារណា​អំពី​ការដក​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទីសាធារណៈ ប៉ុន្តែ តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីកន្លែង​បិទ​ជិត។

ការ​ថ្លែង​របស់​​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ជា​វ៉ាក់សាំង​កូ​វីដ-១៩ AstraZeneca ពី​រដ្ឋាភិបាល និង​ប្រជាជន​របស់ សាធារណរដ្ឋ​អ៊ីតាលី កាលពី​ថ្ងៃទី ២៥ មេសា ឆ្នាំ​ ២០២២។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់ថា គេ​មិនត្រូវ​មើល​ឃើញតែ​បញ្ហា​សុខភាព​តែមួយ​មុខ​ទេ ប៉ុន្តែ ត្រូវ​មើលទៅ​លើ​បញ្ហា​សេដ្ឋកិច្ច សង្គម និង​ចិត្តសាស្ត្រ​របស់​ប្រជាជន​ផងដែរ។ សម្ដេច​ថា ការទិញ​ម៉ា​សម​កពាក់​ទៅតាម​កាតព្វកិច្ច គឺ​ត្រូវចំ​ណោ​យ​ប្រហែល ៣ លាន​ដុល្លារ​អាម៉េរិក/ខែ។ ម្យ៉ាង​ទៀត​ យោង​តាម​សម្ដេច​ «មួយ​រយៈ​ចុង​ក្រោយ​នេះ​ ករណី​ឆ្លង​កូវីដ-១៩ ​នៅ​ កម្ពុជា មាន​អត្រា​​ទាប​»​ ដែល​នេះ​អាច​ឱ្យ​គេ​ពិចារណា​អំពី​ការ​ដក​វិធានការ​ពាក់​ម៉ាស​នៅ​ក្នុង​ភូមិ​សាស្ត្រ និង​ទីកន្លែង​មួយ​ចំនួន​។

សម្ដេច​បន្ថែមថា តាម​គំនិត​របស់លោក ការពាក់​ម៉ាស​នៅ​ទីសាធារណៈ​ខាងក្រៅ​អគារ គួរតែ​ទុកឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​ថា គួរ​ពាក់ ឬ​មិនគួរ​ពាក់ ចំណែក​នៅក្នុង​អគារ ការិយាល័យ​ដែលមាន​ម៉ាស៊ីនត្រជាក់ ទីកន្លែង​បិទ​ជិត គួរតែមាន​ការតម្រូវ​ឱ្យ​ពាក់​ម៉ាស។ ក៏ប៉ុន្តែ សម្ដេច​បញ្ជាក់ថា​នឹង​ទទួលយក​លទ្ធផល​នៃ​ការសម្រេច​នៅក្នុង​កិច្ចប្រជុំ​ល្ងាច​នេះ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងនោះ​មាន​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ។

ជាង​នេះ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា អ្វីដែល​រដ្ឋាភិបាល​ចង់​បាន​គឺ​ការចាក​វ៉ាក់សាំង​ដូ​ស​ជំរុញ ហើយ​ដូ​ស​ទី ៣ នឹង​ក្លាយជា​កាតព្វកិច្ច។

Advertisement