បណ្ដា​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ

មកដល់​បច្ចុប្បន្ន ពិភពលោក​មាន​ប្រទេស​ចំនួន​តែ ៧ ប៉ុណ្ណោះ ដែល​បាន និង​កំពុង​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ។

សារព័ត៌មាន Business Insider កាលពី​ថ្ងៃទី ១៦ មេសា បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក នៅមាន​ការរារែក​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ដោយ​រង់ចាំ​រហូតដល់​ពេល Pfizer រួម​នឹង Moderna បញ្ចប់​ដំណាក់កាល​ពិសោធន៍​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ពី ៦ ខែ ដល់ ៤ ឆ្នាំ។ ចំណែក អឺរ៉ុប វិញ បច្ចុប្បន្ន​ផ្ដោតទៅលើ​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​លើសពី ៥ ឆ្នាំ លើកលែងតែ ស៊ុយអែត ដែល​ប្រឆាំងនឹង​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ក្រោម ១១ ឆ្នាំ។

ប្រទេសមួយ​ចំនួន​ដែល​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​កុមារ​អាយុ​ក្រោយ ៥ ឆ្នាំ៖

គុយបា

កាលពី​ខែតុលា ២០២១ ប្រទេស​គុយបា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ក្នុងស្រុក Soberana-២ និង Soberana-plus សម្រាប់​ការចាក់​ជូន​កុមារ​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើងទៅ។

ក្រុម​អ្នកស្រាវជ្រាវ​របស់ គុយបា ឱ្យដឹងថា មិនមាន​ផលវិបាក​ណាមួយ​គួរឱ្យ​ចាប់អារម្មណ៍​ឡើយ នៅក្នុង​ការពិសោធ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ លើ​កុមារតូច។

វ៉េ​ណេ​ស៊ុយ​អេ​ឡា

កាលពី​ខែវិច្ឆិកា ២០២១ ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង Soberana-២ របស់ គុយបា សម្រាប់​កុមារ​អាយុ​ពី ២ ឆ្នាំ ដល់ ១១ ឆ្នាំ។ មកដល់​ចុងខែ​មីនា ២០២២ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឱ្យដឹងថា កុមារ​ប្រមាណ ៧៣% របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ ដូ​ស​រួចហើយ។

ប្រទេស​ចិន

គិត​មកដល់​ខែវិច្ឆិកា ២០២១ កុមារ​ប្រមាណ ៨៤ លាន​នាក់ នៅ ប្រទេស​ចិន បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ Sinovac ចំនួន ២ ដូ​ស។ កុមារ​នៅ​ប្រទេស​ចិន ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ឡើងទៅ អាច​ត្រូវបាន​ចាក់​វ៉ាក់សាំង Sinovac ឬ Sinopharm ហើយ​ការចាក់​នេះ​គឺជា​ការស្ម័គ្រចិត្ត។

អាជ្ញាធរ​ហុងកុង កាលពី​ខែកុម្ភៈ ២០២២ ក៏បាន​យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង Sinovac ជូន​កុមារ​អាយុ​លើសពី ៣ ឆ្នាំ ខណៈ​កុមារ​អាយុ​លើសពី ៥ ឆ្នាំ អាច​ចាក់​វ៉ាក់សាំង​របស់ BioNTech។

បា​រ៉ែ​ន

ប្រទេស​នេះ​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង Sinopharm របស់ ប្រទេស​ចិន កាលពី​ខែតុលា ២០២១។ បច្ចុប្បន្ន កុមារ​អាយុ​ពី ៣ ដល់ ១១ ឆ្នាំ នៅ ប្រទេស​បា​រ៉ែ​ន អាច​ចាក់​វ៉ាក់សាំង​ខាងលើ។

ប្រទេស​ស៊ី​លី

កាលពី​ខែវិច្ឆិកា ២០២១ ក្រុមមន្ត្រី​សុខាភិបាល​របស់ ស៊ី​លី ប្រកាស​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សម្រាប់​កុមារ​អាយុ​ពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Sinovac ឬ​ហៅថា CoronaVac នៅ​ប្រទេស​នេះ។

អា​ហ្ស​ង់​ទីន

អាជ្ញាធរ​របស់ អា​ហ្ស​ង់​ទីន បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង Sinopharm ជាបន្ទាន់ សម្រាប់​ចាក់​ជូន​កុមារ​អាយុ​ពី ៣ ឆ្នាំ​ឡើងទៅ កាលពីដើម​ខែតុលា ២០២១។

នៅ​ប្រទេស​នេះ គិត​ត្រឹម​ខែមករា ២០២២ កុមារ​អាយុ​ពី ៣ ដល់ ១១ ឆ្នាំ ជាង ៤៦% បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ ខណៈដែល ៦៩.៥% ក្នុង​ក្រុម​នេះ បាន​ចាក់​ម្ជុល​ដំបូង។

កម្ពុជា

គិត​ត្រឹម​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ លើ​កុមារ​អាយុ​ចាប់ពី ៣ ឆ្នាំ ដល់ ក្រោម ៥ ឆ្នាំ មាន ៥២,៨៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់។ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​កុមារ​ដែលមាន​អាយុ​ពី ៣ ឆ្នាំ​ដល់​ក្រោម ៥ ឆ្នាំ ចាប់ពី​ថ្ងៃទី ២៣ ខែកុម្ភៈ ២០២២។

Advertisement