អ្នកវិទ្យាសាស្ត្រ​​រក​ឃើញ​​វី​ធី​​ថ្មី ​ជួយ​​ឱ្យ​​ស្បែក​​មនុស្ស​ ក្មេង​​ជាង​​វ័យ​​រហូត​ដល់ ​៣០ ​ឆ្នាំ

អ្នក​វិទ្យា​សាស្ត្រ​ប្រើ​ប្រាស់​សារធាតុ​គីមី​​ដែល​​ធ្វើ​ឱ្យ​កោសិកា​ចាស់ ប្រែ​ជា​ខ្ចី

ក្រុម​អ្នកស្រាវជ្រាវ​របស់ អង់គ្លេស អភិវឌ្ឍ​បច្ចេកទេស​ថ្មី ជួយ​ឱ្យ​កោសិកា​ចាស់​ធ្វើការ​ដូច​ទៅនឹង​កោសិកា​ក្មេងខ្ចី និង​បំបាត់ចោល​នូវ​ការប្រែប្រួល​ដែល​ទាក់ទង​នឹង​វ័យ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Babraham នៃ​សាកលវិទ្យាល័យ Cambridge (ចក្រភព​អង់គ្លេស) អភិវឌ្ឍ​វិធីសាស្ត្រ​ស្ដារ​កោសិកា​ស្បែក​ឡើងវិញ ដើម្បីឱ្យ​វា​ដំណើរការ​ដូច​ទៅនឹង​កោសិកា​ស្បែក​របស់​មនុ​ស្សវ័យ​នៅ​ក្មេង នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី ០៧ មេសា។ វិធីសាស្ត្រ​នេះ​អាចជួយ​ឱ្យ​វ័យ​របស់​មនុស្ស «ត្រលប់​ថយក្រោយ» បាន​រហូតដល់ ៣០ ឆ្នាំ។ ការស្រាវជ្រាវ​ថ្មី​នេះ​អាច​នាំទៅរក​ការអភិវឌ្ឍ​បច្ចេកទេស​នានា​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ចាស់ជរា តាមរយៈ​ការស្ដារ​មុខងារ​របស់​កោសិកា​ចាស់ និង​ពន្យារ​អាយុកាល​ផ្នែក​ជីវសាស្ត្រ​របស់​ពួកវា។

ក្រុម​អ្នកវិទ្យាសាស្ត្រ មុន​នោះ​ក៏​ធ្លាប់​ធ្វើបាន​ដូចខាងលើ ប៉ុន្តែ វិធីសាស្ត្រ​ថ្មី​នេះ​ជួយ​កាត់បន្ថយ​ពេលវេលា​ដែល​ប្រើប្រាស់​ក្នុងការ​ស្ដារ​កោសិកា​ពី ៥០ ថ្ងៃ មក​នៅត្រឹម ១៣ ថ្ងៃ ព្រមទាំង​អាចធ្វើឱ្យ​កោសិកា​ចាស់ ប្រែជា​ក្មេង​ជាង​វិធី​មុន​ទៀតផង។

វិធីសាស្ត្រ​ថ្មី​នេះ​គឺ​យោងទៅលើ​បច្ចេកទេស​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជំនាន់​មុន​ប្រើប្រាស់​ដើម្បី​បង្កើត​កោសិកា​ដើម (stem cells) ហើយធ្លាប់​ទទួលបាន​ពានរង្វាន់​ណូបែល។ បច្ចេកទេស​នេះ​ត្រូវបានធ្វើ​ត្រាប់​តាម​ដំណើរការ​នៃ​កោសិកា​ចាស់​របស់​ឪពុកម្ដាយ ដែល​ត្រូវបាន​ប្ដូរ​ទៅជា​ជាលិកា​ក្មេងខ្ចី​របស់​ទារក​ទើប​កើត។

របកគំហើញ​ថ្មី​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​បង្ហាញថា កោសិកា​ចាស់​ដែល​ត្រូវបានធ្វើ​ឱ្យទៅជា​ក្មេង ជួយ​ព្យាបាល​របួសស្នាម​ឱ្យ​ជាសះស្បើយ​ឆាប់រហ័ស​ជាង​ឆ្ងាយ បើ​ធៀប​នឹង​កោសិកា​ដែល​មិនបាន​ឆ្លងកាត់​វិធីសាស្ត្រ​ខាងលើ៕

Advertisement