ក្រសួងសុខាភិបាល​កម្ពុ​ជា៖ អ្នកជំងឺ​កូ​វីដ-១៩ កុំ​ព្យាយាម​ព្យាបាល​នៅផ្ទះ បើ​មាន​រោគសញ្ញា​ផ្លូវដង្ហើម

អ្នក​ដែល​វិជ្ជមាន​នឹង កូ​វីដ-១៩ កុំ​ព្យាយាម​ព្យាបាល​នៅផ្ទះ នៅពេល​មាន​រោគសញ្ញា ថប់ៗ ហត់ ឬ​ពិបាក​ដកដង្ហើម ឬមួយ​ស្ថានភាព​ជំងឺ​មិនបាន​ប្រសើរឡើង បន្ទាប់ពី​បាន​ព្យាបាល​នៅផ្ទះ​អស់​មួយ​រយៈពេល។ នេះ​បើតាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​កម្ពុ​ជា។

ក្នុង​សេចក្ដីណែនាំ កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ ក្រសួងសុខាភិបាល បាន​ណែនាំ​បន្ថែម​អំពី​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ ទប់ស្កាត់​ការឆ្លង​រាលដាល វីរុស​កូ​វីដ-១៩ ក្នុង​សហគមន៍។ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា មិនត្រូវ​មើលរំលង​ពី​លទ្ធភាព​នៃ​ការវាយលុក​របស់ វីរុស ដែល​អាចធ្វើឱ្យ​មានការ​ស្លាប់​បាន ទោះបីជា​មានការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ជាច្រើន​បានបង្ហាញ​ថា អូ​មី​ក្រុង បង្ក​អាការរោគ ស្រាល។

កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង ក៏​អាច​បង្ក​អាការ​ធ្ងន់ធ្ងរ ដូចជា ហត់ ឬ​ពិបាក​ដកដង្ហើម ជាដើម ដែល​ចាំបាច់​ត្រូវ​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យបាន​ទាន់ពេល។ «សូមកុំ​ព្យាយាម​ព្យាបាល​នៅផ្ទះ នៅពេល​មាន​រោគសញ្ញា ដូចជា ថប់ៗ ហត់ ឬ​ពិបាក​ដកដង្ហើម ឬ​មិនមាន​ការវិវត្ត​ប្រសើរឡើង​នៃ​ស្ថានភាព​សុខភាព ក្រោយពី​ព្យាបាល​នៅផ្ទះ​បាន​មួយរយៈ​ពេល» ក្រសួង​បានបញ្ជាក់​ដូច្នេះ។

Advertisement