ជំងឺ​ផ្ដាសាយ​ដ៏​អាថ៌កំបាំង​នៅ រុស្ស៊ី កាលពី ១៣០ ឆ្នាំមុន អាច​បណ្ដាលមកពី វីរុស​កូ​រ៉ូ​ណា

ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្វែងរក​ប្រភព​នៃ​ជំងឺ​ផ្ដាសាយ​ដែល​ធ្លាប់​រាតត្បាត​នៅ​ចុង​សតវត្សរ៍​ទី ១៩ ហើយ​លទ្ធផល​ដែល​ទទួលបាន អាចជួយ​ឱ្យគេ​ព្យាករ​បាន​នូវ​ទីបញ្ចប់​របស់ កូ​វីដ-១៩។

ឆ្នាំ ១៨៨៩ ជំងឺ​ផ្លូវដង្ហើម​ដ៏​អាថ៌កំបាំង​មួយ​បានបង្ហាញ​វត្ត​មាននៅ ប្រទេស​រុស្ស៊ី និង​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក ដោយមាន​រលក​នៃ​ការឆ្លងធំៗចំនួន ៣ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មួយចំនួន​សង្ស័យថា ជំងឺ​រាតត្បាត​ដែលមាន​រហ័ស​នាម​ថា «ផ្ដាសាយ​រុស្ស៊ី» នោះ អាច​បង្កឡើង​ដោយ វីរុស​កូ​រ៉ូ​ណា មួយ​ប្រភេទ ដែល​ដូច​ទៅនឹង វីរុស nCoV (កូ​វីដ-១៩)។

មាន​ចំណុច​ដូចគ្នា​មួយ​រវាង​ជំងឺ​រាតត្បាត​សកល​ទាំងពីរ​នេះ។ នៅក្នុង​ជំងឺ​រាតត្បាត «ផ្ដាសាយ​រុស្ស៊ី» បណ្ដា​សាលារៀន និង​កន្លែងធ្វើការ ត្រូវបាន​បិទទ្វារ ដោយសារ​តែមាន​ករណី​ឆ្លង​ច្រើនពេក។ អ្នកមាន​ជំងឺ «ផ្ដាសាយ​រុស្ស៊ី» តែងតែ​បាត់បង់​ជី​វ្ហា​វិ​ញ្ញា​ញ (រសជាតិ) និង ឃាន​វិ​ញ្ញា​ញ (ក្លិន) និង​មនុស្ស​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផលប៉ះពាល់​ដែល​បន្សល់ទុក​ច្រើន​ខែ។ «ផ្ដាសាយ​រុស្ស៊ី» បានសម្លាប់​មនុស្ស​វ័យ​ចំណាស់​ច្រើនជាង​កុមារ ខុសពី វីរុស​ផ្ដាសាយ​ធម្មតា ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​វ័យ។ នេះ​បើតាម​ការកត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ ដែល​រួមមាន​ទាំង​ទិន្នន័យ​របស់​រដ្ឋាភិបាល ទស្សនាវដ្ដី​វិទ្យាសាស្ត្រ និង​សារព័ត៌មាន។

បើទោះជា​ចំណុច​ពិសេស​នៃ «ផ្ដាសាយ​រុស្ស៊ី» ដូច​ខ្លាំង​ទៅនឹង កូ​វីដ-១៩ ប៉ុន្តែ សម្មតិកម្ម​ដែលថា «ផ្ដាសាយ​រុស្ស៊ី» កើតឡើង​ដោយសារ វីរុស​កូ​រ៉ូ​ណា មួយ​ប្រភេទ ក៏​នៅតែមាន​លក្ខណៈ​ជាការ​សន្និដ្ឋាន។ នេះ​បើតាម Peter Palese សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ នៅ​សាកល​វិទ្យា Mount Sinai នាទី​ក្រុង New York សហរដ្ឋ​អាម៉េរិក។

វេជ្ជបណ្ឌិត Jeffery Taubenbeerger ប្រធាន​ផ្នែក​វីរុស​សាស្ត្រ ប្រចាំ​វិទ្យាស្ថាន​ជាតិ​ប្រតិកម្ម និង​ជំងឺឆ្លង​របស់ អាម៉េរិក រួម​នឹង John Oxford ដែលជា​សាស្ត្រាចារ្យ​ផ្នែក វីរុស​សាស្ត្រ នៅ​សាកលវិទ្យាល័យ Queen Mary នៃ ប្រទេស​អង់គ្លេស កំពុង​ស្វែងរក​ភ័ស្ដុតាង​ស្ដីពី​ទំនាក់ទំនង​រវាង​ជំងឺ​រាតត្បាត​ទាំងពីរ គឺ កូ​វីដ-១៩ និង ផ្ដាសាយ​រុស្ស៊ី ដោយ​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ ១៩១៨។

បណ្ឌិត Scott Podolsky សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Harvard និង Dominic W. Hall ដែលជា​អ្នកគ្រប់គ្រង​សារមន្ទីរ​ផ្នែក​វះកាត់ Warren នៅ​សាកលវិទ្យាល័យ Harvard ក៏​ស្វែងរក​សំណាក​ម៉ូ​លិ​គុល​សួត ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​អំឡុង​ពេល​ដូចគ្នានេះ។

បើសិនជា ហ្សែ​ន របស់ វីរុស ដែល​បង្ក​ជំងឺ​ផ្ដាសាយ​រុស្ស៊ី បង្ហាញខ្លួន​នៅក្នុង ម៉ូ​លិ​គុល របស់​សួត នោះ​វា​នឹង​អាច​បង្ហើប​ឱ្យដឹង​អំពី​ទីបញ្ចប់​ដែល​កើតឡើង​ដោយ​របៀប​ណា។ បើសិន​ជំងឺ​ផ្ដាសាយ​កាលពី​ចុង​សតវត្សរ៍​ទី ១៩ កើតឡើង​ដោយសារ វីរុស​កូ​រ៉ូ​ណា មួយ​ប្រភេទ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា វា​អាច​នៅតែមាន​វត្តមាន​ក្រោម​ទម្រង់​ជា វីរុស មួយ ក្នុងចំណោម វីរុស​កូ​រ៉ូ​ណា ចំនួន ៤ ប្រភេទ ដែល​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា ជាជាង​ជំងឺឆ្លង​ធ្ងន់ធ្ងរ៕

 

Advertisement