ទ្វីបអាហ្វ្រិក ជិត​រួច​ផុតពី​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩! អង្គការ​សុខភាព​ពិភពលោក​ (WHO) អះអាង​ដូច្នេះ

វេជ្ជបណ្ឌិត Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ទ្វីបអាហ្វ្រិក

តំណាង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ទ្វីបអាហ្វ្រិក កំពុង​ឈានទៅរក​ការចាកចេញ​ផុតពី​ជំងឺ​រាតត្បាត​សកល និង​ឆ្ពោះទៅកាន់​ដំណាក់កាល​គ្រប់គ្រង កូ​វីដ-១៩ យូរអង្វែង។

យោងតាម​សារព័ត៌មាន​អង់គ្លេស The Guardian វេជ្ជបណ្ឌិត Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ ទ្វីបអាហ្វ្រិក អះអាងថា៖ «ជំងឺ​រាតត្បាត​សកល កំពុង​ងាក​ទៅរក​ដំណាក់កាល​មួយ​ផ្សេងទៀត។ យើង​ជឿថា ទ្វីបអាហ្វ្រិក កំពុង​ឆ្ពោះទៅកាន់​ដំណាក់កាល​រស់នៅ​ជាមួយ កូ​វីដ-១៩ ដូច​ទៅនឹង​ជំងឺ​រាតត្បាត​អសកល ពិសេស​នៅពេល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កំពុង​កើន​ឡើងជា​លំដាប់»។

លោកស្រី Moeti ឱ្យដឹងថា សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ថ្មី​របស់ ទ្វីបអាហ្វ្រិក បាន​មាន​ប្រសិទ្ធភាព​ជាង​មុន។ ជាក់ស្ដែង ទ្វីបអាហ្វ្រិក បាន​ចំណាយពេល ២៩ សប្ដាហ៍​ដើម្បី​អាច​គ្រប់គ្រង​រលក​នៃ​ការឆ្លង​ដំបូង ប៉ុន្តែ បច្ចុប្បន្ន រយៈពេល​នេះ​បាន​ថយ​ចុះមក​នៅត្រឹម ៦ សប្ដាហ៍​ប៉ុណ្ណោះ ក្នុង​រលក​នៃ​ការឆ្លង​ទី ។

ទោះជា​យ៉ាងនេះ​ក៏ដោយ លោកស្រី Moeti សង្កត់ធ្ងន់ថា មកដល់ពេលនេះ ប្រជាជន​អាហ្វ្រិក​ប្រមាណ ១១% ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង។ លោកស្រី​បង្ហើប​ឱ្យដឹងថា តួលេខ​អ្នក​ឆ្លង កូ​វីដ-១៩ នៅ អាហ្វ្រិក អាច​ខ្ពស់ជាង ៧ ដង ធៀប​នឹង​ទិន្នន័យ​ផ្លូវការ ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ អាច​ខ្ពស់ជាង​ប្រហែល​ពី ២ ដល់ ៣ ដង។ មូលហេតុ​នៃ​បញ្ហា​នេះ ត្រូវបាន​លោកស្រី Moeti បកស្រាយ​ថា គឺ​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​ករណី​ឆ្លង​កំពុង​ជួប​បញ្ហា ការធ្វើ​តេស្ត​នៅមានកម្រិត ធ្វើឱ្យ​ការវាយតម្លៃ​មិនមាន​សុក្រឹតភាព។

ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ១០ កុម្ភៈ ទ្វីបអាហ្វ្រិក បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន​ជាង ១១ លាន​នាក់ ក្នុងនោះ​មាន ២៥០,០០០ នាក់ បាន​ស្លាប់។ បើសិន​ជាការ​គណនារ​បស់ WHO គឺជា​រឿង​ពិត នោះ​តួលេខ​នៃ​ករណី​ឆ្លង​សរុប​អាច​ឡើងដល់​ជិត ៧០ លាន​នាក់ និង​ស្លាប់​ជិត ៧៥០,០០០ នាក់៕

Advertisement