ក្ដៅ! អ្នក​វិទ្យាសាស្ត្រ​​ចិន​ រក​ឃើញ​​វីរុស​ កូ​រ៉ូ​ណា​ (Corona) ​ប្រភេទ​​ថ្មី​​មួយ​ទៀត​​ហើយ!

អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ នោះ​គឺថា បណ្ដា​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង​វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩ បច្ចុប្បន្ន ទំនងជា​មិនអាច​ជួយ​ការពារ​មនុស្ស​ពី​ប្រភេទ​វីរុស​កូ​រ៉ូ​ណា ដែល​ទើបតែ​ត្រូវបាន​រកឃើញ​ថ្មី​នេះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ ប្រទេស​ចិន ទើបតែ​បានប្រកាស និង​ព្រមាន​អំពី​ការគំរាមកំហែង​យ៉ាង​ស្ងាត់ស្ងៀម ដោយសារតែ វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី បង្ហាញខ្លួន ហើយ​វា​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​មិនអាច​ត្រូវបាន​បន្សាប​ដោយ​បណ្ដា​អង្គ​ប​ដិ​ប្រាណ​ដែល​ផលិតឡើង​សម្រាប់​ទប់ទល់​នឹង កូ​វីដ-១៩។

ទូរទស្សន៍ RT របស់ រុស្ស៊ី បាន​រាយការណ៍​ថា ក្រុម​ស្រាវជ្រាវ​ដែល​ធ្វើការ​នៅ​សាកលវិទ្យាល័យ​អ៊ូ​ហាន ប្រទេស​ចិន បាន​រកឃើញ វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី ដែលមាន​ឈ្មោះថា NeoCoV មាន​ប្រភពពី អាហ្វ្រិក​ខាងត្បូង។ ពួកគេ​ជឿថា NeoCoV និង «សាច់ញាតិ​ជិត» របស់​វា​គឺ PDF-២១៨០-CoV អាច​ជ្រៀតចូល​កោសិកា​មនុស្ស​ដោយ​ប្រើប្រាស់​អង់​ហ្សី​ម ACE២ មួយចំនួន។ បច្ចុប្បន្ន វីរុស​កូ​រ៉ូ​ណា ប្រភេទ NeoCoV នេះ កំពុង​រាតត្បាត​លើស​ត្វ​ប្រចៀវ។

សូម​រំលឹកថា វីរុស SARS-CoV-២ (Covid-19) ដែល​បានបង្ហាញ​វត្តមាន​លើកដំបូង​នៅក្នុង ខេត្ត​អ៊ូ​ហាន ហើយ​ក្រោយមក​បាន​បង្កឱ្យមាន​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ ក៏​ប្រើប្រាស់ ACE២ ដើម្បី​ជ្រៀតចូល​កោសិកា​មនុស្ស។

របាយការណ៍​ខាងលើ​ដែល​ត្រូវ​បានប្រកាស​នៅលើ​ទំព័រ bioRxiv បានឱ្យដឹងថា NeoCoV មិនអាច​ត្រូវបាន​បន្សាប​ដោយ​អង្គ​ប​ដិ​ប្រាណ​ទាំងឡាយ​ដែល​ផលិតឡើង​សម្រាប់​ទប់ស្កាត់​វីរុស SARS-CoV-២ ឬ MERS-CoV នោះឡើយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ព្រមាន​អំពី​ការគំរាមកំហែង​លើ​សុវត្ថិភាព​ជីវសាស្ត្រ​ពី​វីរុស​ខាងលើនេះ​ចំពោះ​សុខភាព​មនុស្សលោក ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​អត្រា​នៃ​ការស្លាប់ និង​ល្បឿន​នៃ​ការឆ្លង​រាលដាល​ខ្ពស់​ផងដែរ៕

Advertisement