វ៉ាក់សាំង​កូ​វីដ-១៩! កុមារ​រលាក​សាច់ដុំ​ក្រោយ​ការចាក់​វ៉ាក់សាំង​នៅ អ៊ីស្រាអែល មាន​អត្រា​ទាប

ប្រភពព័ត៌មាន​ពី​ទីក្រុង តែ​ល អា​វីវ ដកស្រង់​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ដែល​បានប្រកាស​កាលពី​ថ្ងៃទី ២៧ មករា ឱ្យដឹងថា ក្នុងចំណោម​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ រាប់សែន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ ប្រទេស​អ៊ីស្រាអែល គឺមាន​កុមារ​តែ ១៥ នាក់​ប៉ុណ្ណោះ ដែលមាន​អាការ​រលាក​សាច់ដុំ​បេះដូង។

ក្នុងចំណោម​កុមារ​ដែលមាន​បញ្ហា​រលា​ក​សាច់ដុំ​បេះដូង​ខាងលើ មាន​ម្នាក់​ត្រូវ​រលាក​ក្រោយពី​ចាក់​ដូ​ស​ដំបូង, ១២ នាក់ រលាក​ក្រោយ​ចាក់​ដូ​ស​ទី ២ និង ២ នាក់​ទៀត​ត្រូវ​រលាក​បន្ទាប់ពី​ចាក់​ដូ​ស​ទី ។ អ្នកជំងឺ​ទាំងនេះ​សុទ្ធ​តែមាន​អាការ​ស្រាល និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​ពេទ្យ​រួចហើយ ក្រោយ​ការព្យាបាល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ចំណែក​កុមារ​អាយុ​ចាប់ពី ៥ ដល់ ១១ ឆ្នាំ មិនមាន​បញ្ហា​រលាក​សាច់​ដុំ​បេះដូង​នោះទេ រាប់​ចាប់ពី​ពេល​បាន​ចាក់​វ៉ាក់សាំង រហូតដល់​បច្ចុប្បន្ន។

របាយការណ៍​របស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល គឺ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២ មិថុនា ដល់ ២០ តុលា ឆ្នាំ ២០២១ នៅពេលដែល​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ ប្រមាណ​ជិត​កន្លះ​លាន​នាក់​បាន​ចាក់​ដូ​ស​ដំបូង និង មនុស្សពេញវ័យ ៣២៦,០០០ នាក់ បាន​ចាក់​ដូ​ស​ទី ។

ហានិភ័យ​នៃ​ការ​រលាក​សាច់ដុំ​បេះដូង​នៅលើ​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ មាន​អត្រា​ទាប​ជាង បើ​ធៀប​នឹង​ក្រុម​ដែលមាន​វ័យ​ចាប់ពី ១៦ ដល់ ២៤ ឆ្នាំ ប៉ុន្តែ ខ្ពស់ជាង​បន្តិច បើ​ធៀប​នឹង​ទិន្នន័យ​របស់ សហរដ្ឋ​អាម៉េរិក ដែល​បានប្រកាស​មុន​នោះ។

 

Advertisement