(ក្ដៅ!)-លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ស្ដីពី «បាតុភូត» «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​អាច​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ-១៩

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​បាន​ឆ្លង​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ក៏ដូចជា​ក្រុមមនុស្ស​ដែល​បាន​ឆ្លង​វីរុស​មុនពេល​ចាក់​វ៉ាក់សាំង នឹងមាន «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ។

យោងតាម​ព័ត៌មាន​ពី​ទូរទស្សន៍ RT (រុស្ស៊ី) ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​សុខាភិបាល Oregon (OHSU) បាន​យក​សំណាក​អង្គ​ប​ដិ​ប្រាណ​ក្នុង​ឈាម​របស់​អ្នកស្ម័គ្រចិត្ត ១០៤ នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន ២ ដូ​ស។ ក្នុងនោះ​មាន ៤២ នាក់ មិន​ធ្លាប់​វិជ្ជមាន​នឹង​កូ​វីដ-១៩ ចំណែក ៣១ នាក់​ទៀត បាន​ចាក់​វ៉ា​ក់​បន្ទាប់ពី​បាន​ឆ្លង​វីរុស និង ៣១ នាក់​ផ្សេងទៀត​បាន​ឆ្លង បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។

ក្រោយពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដាក់​សំណាក​ឈាម​របស់​អ្នកស្ម័គ្រចិត្ត​ខាងលើ ឱ្យ​ឆ្លង វ៉ា​រ្យ៉​ង់ អាល​ហ្វា បេ​តា និង ដេ​លតា របស់​វីរុស​កូ​វីដ-១៩ ពួកគេ​រកឃើញថា ការរួម​ផ្សំ​រវាង​អង្គ​ប​ដិ​ប្រាណ​ដែល​កើតឡើង​ដោយសារ​វ៉ាក់សាំង និង​អង្គ​ប​ដិ​ប្រាណ​ធម្មជាតិ​ដែល​កើតឡើង​បន្ទាប់ពី​បាន​ឆ្លង​វីរុស នឹង​បង្កើតបានជា «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​ខ្លាំងក្លា​ជាង​យ៉ាងតិច ១០ ដង បើ​ធៀប​នឹង​សមត្ថភាព​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​កើតឡើង​ពី​ការចាក់​វ៉ាក់សាំង​តែមួយ​មុខ»។

លោក Fikadu Tafesse សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​ស្រាវជ្រាវ និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​មីក្រូ​ជីវវិទ្យាម៉ូលេគុល និង​ភាពស៊ាំ នៃ​សាកលវិទ្យាល័យ OHSU

ក្រុម​អ្នកវិទ្យាសាស្ត្រ​សន្មត​ថា វត្តមាន​របស់​អង់​ទី​ហ្សែ​ន​បន្ថែម​ដែល​កើតឡើង​ដោយសារ​ការឆ្លង​វីរុស នឹង​នាំឱ្យ​បរិមាណ និង​គុណភាព​របស់​អង្គ​ប​ដិ​ប្រាណ​ទប់ស្កាត់​ជំងឺ​កើនឡើង​ខ្ពស់ បើទោះជា​នៅក្នុង​ករណី​បាន​ឆ្លង​វីរុស​មុន ឬ​ក្រោយ​ការចាក់​វ៉ាក់សាំង​ក៏ដោយ។ នេះ​បើតាម Fikadu Tafesse សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​ស្រាវជ្រាវ និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​មីក្រូ​ជីវវិទ្យាម៉ូលេគុល និង​ភាពស៊ាំ នៃ​សាកលវិទ្យាល័យ OHSU។

លោក Tafesse បាន​បញ្ជាក់ថា ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​រួច គឺ​នៅតែមាន​ខ្ពស់​ដដែល។ ប៉ុន្តែ លោក​ថា អ្នក​ដែល​បាន​ឆ្លង​នៅក្នុង​ករណីនេះ នឹងមាន​អាការរោគ​ស្រាល ហើយ​លោក​ក៏បាន​ព្យាករ​ថា ជំងឺ​រាតត្បាត​កូ​វីដ-១៩ អាច​ត្រូវបាន​បិទ​បញ្ចប់​ដោយសារ «បាតុភូត» «មហា​អង្គដ​បិ​ប្រាណ» ដែល​កើតឡើង​ក្នុងករណីនេះ៕

Advertisement