ក្រុមហ៊ុន Moderna ពិសោធ​វ៉ាក់សាំង​ពិសេស ប្រឆាំង អូ​មី​ក្រុង

Moderna ចាប់ផ្ដើម​ពិសោធ​វ៉ាក់សាំង​ដូ​ស​ជំរុញ​បង្ការ​កូ​វីដ-១៩ នៅលើ​មនុស្ស ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ប្រឆាំងនឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

ការពិសោធ​នេះ​ធ្វើ​ឡើងលើ​មនុស្សពេញវ័យ​ចំនួន ៦០០ នាក់ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ចាក់​វ៉ាក់សាំង Moderna ២ ដូ​ស យ៉ាងតិច ៦ ខែ​មុន ចំណែក​ពាក់កណ្ដាល​ទៀត​ចាក់ ២ ដូ​ស រួម​នឹង​ដូ​ស​ជំរុញ ១ ដូ​ស​ដែលជា​វ៉ាក់សាំង​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ផ្លូវការ​រួចហើយ។ វ៉ាក់សាំង​សម្រាប់​ប្រឆាំង អូ​មី​ក្រុង នឹងត្រូវ​បាន​ប្រើ​ជា​ដូ​ស​ជំរុញ​ទី ៣ និង​ទី ។

Moderna ក៏​ប្រកាស​អំពី​លទ្ធផល​ស្ដីពី​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង អូ​មី​ក្រុង របស់​ដូ​ស​ជំរុញ​ផងដែរ ដោយ​អះអាងថា ៦ ខែ បន្ទាប់ពី​បាន​ចាក់​ដូ​ស​ជំរុញ បរិមាណ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង អូ​មី​ក្រុង ថយចុះ ៦ ដង ធៀប​នឹង​កម្រិត​ខ្ពស់បំផុត​ដែលមាន​បន្ទាប់ពី​ចាក់​បាន ២៩ ថ្ងៃ ប៉ុន្តែ អង្គ​ប​ដិ​ប្រាណ​នេះ​នៅតែមាន​ក្នុង​រាងកាយ​អ្នក​ដែល​បាន​ចាក់។

«នៅ​ចំពោះមុខ​ការគំរាមកំហែង​យូរអង្វែង នៅពេល អូ​មី​ក្រុង មាន​សមត្ថភាព​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ យើង​ក៏​កំពុង​កែលំអ​វ៉ាក់សាំង​ពិសេស​សម្រាប់​ប្រឆាំង វ៉ា​រ្យ៉​ង់ នេះ។ យើង​ពិតជា​រីករាយ​ដោយបាន​ចាប់ផ្ដើម​ស្រាវជ្រាវ​ដំណាក់កាល​ទី ២» ប្រធាន​នាយក​ប្រតិបត្តិ Stephane Bancel របស់ Moderna ឱ្យដឹង​ដូច្នេះ។

ប្រកាស​របស់ Moderna ត្រូវបាន​ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពី Pfizer ឱ្យដឹងថា ខ្លួន​ចាប់ផ្ដើម​ចុះឈ្មោះ​ពិសោធ​លើ​មនុស្ស​ចំពោះ​វ៉ាក់សាំង​ពិសេស​សម្រាប់​ទប់ស្កាត់ អូ​មី​ក្រុង។

ក្រុមហ៊ុន​ទាំង ២ នេះ សុទ្ធតែ​អភិវឌ្ឍ​វ៉ាក់សាំង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ដែល​អនុញ្ញាត​ឱ្យធ្វើ​បច្ចុប្បន្ន​វ៉ាក់សាំង​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស ដើម្បី​តាម​ទាន់​ល្បឿន​នៃ​វិវត្តន៍​របស់​បណ្ដា វ៉ា​រ្យ៉​ង់ ថ្មី។

ពិភពលោក បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ជាង ៣.៤៦ លាន​ករណី និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ១០,០០០ ករណី ក្នុងអំឡុង ២៤ ម៉ោង​កន្លង ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់​ជាង ៣៦២.៨ លាន​នាក់ និង​ស្លាប់​ជាង ៥.៦ លាន​នាក់៕

Advertisement