WHO ថា អូ​មី​ក្រុង អាច​បញ្ចប់​ជំងឺ​រាតត្បាត​សកល​នៅ អឺរ៉ុប

លោក Hans Kluge ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប

វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ធ្វើឱ្យ​ជំងឺ​រាតត្បាត​សកល ងាក​ទៅរក​ដំណាក់កាល​ថ្មី និង​អាច​បញ្ចប់​នៅ អឺរ៉ុប នេះ​បើតាម Hans Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ តំបន់​អឺរ៉ុប។

«ជំងឺ​រាតត្បាត​សកល​ក្នុង​តំបន់ ទំនងជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ទៅរក​ទីបញ្ចប់» Kluge បាន​ប្រាប់​សារព័ត៌មាន AFP កាលពី​ថ្ងៃទី ២៣ មករា ដូច្នេះ និង​បន្ថែមថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង អាច​នឹង​ឆ្លង​ដល់​ប្រជាជន​ចំនួន ៦០% ក្នុង​តំបន់​អឺរ៉ុប នៅ​ខែមីនា​ខាងមុខ។

នៅពេល​ល្បឿន​នៃ​ការឆ្លង អូ​មី​ក្រុង កើនឡើង​ពាសពេញតំបន់​អឺរ៉ុប ត្រូវ​ថយចុះ «ភាពស៊ាំ​ក្នុង​សហគមន៍​នឹងត្រូវ​បាន​រក្សា​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍ ដល់​ច្រើន​ខែ​ទៅមុខ ដោយសារ​វ៉ាក់សាំង ឬ​គ្រប់គ្នា​មាន​អង្គ​ប​ដិ​ប្រាណ បន្ទាប់​ពី​បាន​ឆ្លង​វីរុស» លោក Kluge និយាយ​ដូច្នេះ។

លោក Kluge បន្ថែមថា «ដូច្នេះ យើង​ព្យាករ​ថា នឹងមាន​អំឡុងពេល​ស្ងប់ស្ងាត់​មួយ មុនពេល កូ​វីដ-១៩ វិល​មកវិញ​នៅ​ចុងឆ្នាំ ប៉ុន្តែ មិន​ប្រាកដថា វា​នឹង​ត្រលប់​មកវិញ​ទេ»។

«គ្រប់គ្នា​ពិភាក្សា​គ្នាច្រើន​អំពី​ជំងឺ​រាតត្បាត​អសកល (ឬ​ជំងឺ​រាតត្បាត​តាម​តំបន់) ប៉ុន្តែ ការ​រាតត្បាត​អសកល​គឺ​ស្មើនឹង​ការដែល​អាច​ព្យាករ​បាន​នូវ​ប្រការ​អ្វីខ្លះ​ដែល​នឹង​កើតឡើង។ វីរុស​ប្រភេទ​នេះ​បានធ្វើឱ្យ​យើង​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជាច្រើនលើក​មកហើយ ដូច្នេះ យើង​ត្រូវតែ​ប្រុង​ប្រ​យ័ត្ន​បំផុត» លោក Kluge បញ្ជាក់បន្ថែម។

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា អ្នក​ដែល​បាន​ឆ្លង អូ​មី​ក្រុង មាន​អាការ​មិន​ធ្ងន់ធ្ងរ​ស្មើនឹង ដេ​លតា យ៉ាងហោច​ក៏​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង។ ប្រការនេះ​បាន​នាំឱ្យមាន​ក្ដីសង្ឃឹម​ថា កូ​វីដ-១៩ កំពុង​ប្រែក្លាយ​ពី​ជំងឺ​រាតត្បាត​សកល ទៅជា​ជំងឺ​រាតត្បាត​អសកល ដែល​ងាយ​ទប់ទល់​ជាង​មុន និង​ដូច​ទៅនឹង​ជំងឺ​ផ្ដាសាយធំ៕

Advertisement