ឥណ្ឌូណេស៊ី បក​ស្រាយ​​ពី​​​មូលហេតុ​ដែល​​​សម្រេច​ចិត្ត​​​ប្រើ​តែ​​ពាក់​កណ្ដាល​​ដូស​​ សម្រាប់​​ការ​ចាក់​​វ៉ាក់​សាំង​​កូ​វីដ-១៩​ ដូ​ស​​ជំរុញ

លោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ ឥណ្ឌូណេស៊ី

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ ឥណ្ឌូណេស៊ី ឱ្យដឹងថា ប្រទេស​នេះ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ តែ​ពាក់កណ្ដាល​ដូ​ស​ប៉ុណ្ណោះ សម្រាប់​ជា​ដូ​ស​ជំរុញ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន។

លោក Budi Gunadi Sadikin រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី ថ្លែងថា សហរដ្ឋ​អាម៉េរិក បានធ្វើ​ការពិសោធ ស្រាវជ្រាវ និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដូ​ស​ជំរុញ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Moderna តែ​ពាក់កណ្ដាល​ដូ​ស​ប៉ុណ្ណោះ។ លោក​បកស្រាយ​ថា៖ «វ៉ាក់សាំង Moderna មាន​អត្រា​ផលវិបាក​ខ្ពស់ ដូច្នេះ យើង​យល់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​តែ​ពាក់កណ្ដាល​ដូ​ស​នេះ​នឹងមាន​សុវត្ថិភាព​ខ្ពស់ជាង»។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ការសម្រេច​នេះ​ក៏​យោងទៅតាម​អនុសាសន៍​របស់​ក្រុមប្រឹក្សា​ផ្នែក​បច្ចេកទេស​ចាក់​វ៉ាក់សាំង​ឥណ្ឌូណេស៊ី (ITAGI) និង​ក្រុម​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Padjadjaran និង​សាកលវិទ្យាល័យ​ឥណ្ឌូណេស៊ី ហើយ​អនុសាសន៍​នេះ​ក៏​ត្រូវបាន​យល់ព្រម​ដោយ​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​ជាតិ (BPOM) ផងដែរ។

លោក Budi Gunadi Sadikin អះអាងថា គិត​ជា​មធ្យម កម្រិត​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​កើត​ពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ១ និង​ដូ​ស​ទី ២ គឺ​ប្រមាណ​ពី ១០០-២០។ ក្រោយពី​ត្រូវបាន​ចាក់​ពាក់កណ្ដាល​ដូ​ស​នៃ​ដូ​ស​ជំរុញ អង្គ​ប​ដិ​ប្រាណ​នឹង​កើន​ឡើងដល់ ៧,៥០០-៨,០០០ ខណៈដែល​ការចាក់​ដូ​ស​ជំរុញ​ពេញ ១ ដូ​ស បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​នឹង​កើន​ដល់ ៨,០០០-៨,៥០។ «ដូច្នេះ សូម្បីតែ​ប្រើប្រាស់ ១ ដូ​ស​ពេញ សម្រាប់​ការចាក់​ដូ​ស​ជំរុញ អត្រា​នៃ​ការ​លើសខ្វះ​គ្នា​ក៏​ប្រែប្រួល​មិន​ច្រើន​ប៉ុន្មាន»៕

 

Advertisement