ការស្រាវជ្រាវ៖ យុវវ័យ​ដែល​ចំណាយ​ជាង ៥ ម៉ោង/ថ្ងៃ លើ​បណ្ដាញ​សង្គម ងាយ​មាន​វិបត្តិ​ផ្លូវចិត្ត

ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Arkansas បាន​រកឃើញថា មនុស្ស​វ័យក្មេង​ដែល​ចំណាយពេល​កាន់តែច្រើន​នៅលើ​បណ្ដាញ​សង្គម ពួកគេ​កាន់​តែមាន​ហានិភ័យ​កើត​ជំងឺផ្លូវចិត្ត។

បច្ចុប្បន្ន មិន​ថា​ចាស់ ឬ​ក្មេង មាន ឬ​ក្រ មនុស្ស​ភាគច្រើន​បានចាត់ទុក​ថា ទូរស័ព្ទ​ឆ្លាត​វៃ​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​របស់​​ពួក​គេ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Arkansas បានឱ្យដឹងថា យុវវ័យ​ដែល​ចំណាយពេល​កាន់តែច្រើន​នៅលើ​បណ្ដាញ​សង្គម ពួកគេ​កាន់​តែមាន​ហានិភ័យ​ខ្ពស់ កើតរោគ​ចិត្ត។

លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ខាងលើ​បង្ហាញថា ក្រុមមនុស្ស​វ័យក្មេង​ដែល​ចំណាយពេល​ជាង ៣០០ នាទី (៥ ម៉ោង) ក្នុង ១ ថ្ងៃ សម្រាប់​ការលេង​បណ្ដាញ​សង្គម មាន​ហានិភ័យ​កើត​ជំងឺផ្លូវចិត្ត​ខ្ពស់ជាង​ជិត ៣ ដង ធៀប​នឹង​មនុស្ស​ដែល​លេង​បណ្ដាញ​សង្គម​តិចជាង ១២០ នាទី (២ ម៉ោង) រៀងរាល់ថ្ងៃ។ អ្នកវិទ្យាសាស្ត្រ​ជឿថា ការគិត​មមៃ​ទៅដល់​ថ្នាល​បច្ចេកវិទ្យា ដូចជា Instagram, Twitter ឬ Facebook ជាដើម កំពុងតែ​ចូលមក​ប្ដូរផ្លាស់​ការកើតឡើង​នៃ​មនោសញ្ចេតនា​មិត្តភក្ដិ និង​ការ​ឈានដល់​គោលដៅ​ក្នុង​ពិភព​ពិត​របស់​ពួកគេ។

ក្រុម​អ្នកស្រាវជ្រាវ​ក៏​យល់ថា ក្រុម​យុវវ័យ​កំពុង​ប្រៀបធៀប​ខ្លួនឯង​ជាមួយនឹង​ការរស់នៅ​ដ៏​ល្អឥតខ្ចោះ​ដែល «បាន​ឆ្លងកាត់​ការកាត់ត» ដែល​ពួកគេ​បានឃើញ​លើ​បណ្ដាញ​សង្គម ដែល​ទាំងនេះ​សុទ្ធតែជា​ប្រការ​មិនអាច​កើតមាន​នៅក្នុង​ពិភព​ពិត។ បញ្ហា​នេះ​ធ្វើឱ្យ​ពួកគេ​មានការ​បន្ទោស បង្អាប់ ឬ​វាយតម្លៃ​ទាប​លើ​ខ្លួនឯង នៅពេល​ប្រៀបធៀប​ជាមួយនឹង​រូបភាព​ដែល​ពួកគេ​បានឃើញ។

នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​ដំបូង លើ​ទំនាក់ទំនង​រវាង​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​រោគ​ផ្លូវចិត្ត ក្រុម​អ្នកវិទ្យាសាស្ត្រ​បារម្ភ​ថា កូ​វីដ-១៩ នឹង​ធ្វើឱ្យ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​កើតឡើង ហើយ​បណ្ដាលឱ្យ​បញ្ហា​សុខភាព​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្ទង់​មតិ​លើ ជនជាតិ​អាម៉េរិក ជាង ១,០០០ នាក់ ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៣០ ឆ្នាំ ដើម្បី​វាស់​ស្ទង់​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ ជាមួយនឹង​ការដែល​ពួកគេ​លេង​បណ្ដាញ​សង្គម។

លទ្ធផល​បង្ហាញថា ក្រុមមនុស្ស​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​លើសពី ៥ ម៉ោង/ថ្ងៃ មាន​ហានិភ័យ​កើត​ជំងឺផ្លូវចិត្ត​ខ្ពស់ជាង ២.៨ ដង នៅក្នុង​រង្វង់ ៦ ខែ ធៀប​ជាមួយនឹង​អ្នក​ដែល​លេង​ត្រឹមតែ ២ ម៉ោង/ថ្ងៃ។

វេជ្ជបណ្ឌិត Cesar Escobar-Viera ជំនួយការ​សាស្ត្រាចារ្យ​ឯកទេស​ផ្នែក​វិកលចរិត នៃ​សាកលវិទ្យាល័យ Pittsburgh បានឱ្យដឹងថា៖ «ពេលវេលា​ដែល​សល់​លើ​បណ្ដាញ​សង្គម អាច​ចូលមក​ជំនួស​សកម្មភាពសំខាន់ៗជាង ដូចជា ការបង្កើត​ទំនាក់ទំនង​ល្អ ការសម្រេចបាន​គោលដៅ​លក្ខណៈ​ឯកជន ឬ​អាជីវកម្ម ការងារ ក៏ដូចជា​ពេលវេលា​សម្រាប់​ពិចារណា​ដែលមាន​តម្លៃ»៕

Advertisement