អង្គការ​ WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​ចំនួន ២ ទៀត សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩

ថ្ងៃទី ១៤ មករា នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​វិធីសាស្ត្រ​ថ្មី​ចំនួន ២ សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែល​នេះ​គឺជា​ការបន្ថែម «អាវុធ» សំខាន់ ទន្ទឹមនឹង​វ៉ាក់សាំង​ដែល​កំពុងមាន នៅក្នុង​ការទប់ស្កាត់​ហានិភ័យ​ជំងឺ​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ និង​ស្លាប់ ចំពោះ​អ្នកជំងឺ​កូ​វីដ-១។

វិធីសាស្ត្រ​ថ្មី​ទាំង ២ នេះ រួមមាន ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ដែលមាន​សមាសធាតុ baricitinib និង​ការប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​សំយោគ Sotrovimab។

នៅក្នុង​អនុសាសន៍​របស់ WHO ដែល​បាន​ចុះផ្សាយ​លើ​ទស្សន​វ​ដ្ដី​វេជ្ជសាស្ត្រ​របស់​អង់គ្លេស BMJ ក្រុម​អ្នកជំនាញ​របស់ WHO បានលើកឡើង​យ៉ាងច្បាស់​ថា សមាសធាតុ baricitinib ដែល​ប្រើ​រួមជាមួយ​នឹង corticosteroid មាន​សមត្ថភាព​ជួយ​បង្កើន​អត្រា​នៃ​ការ​រស់ និង​បន្ថយ​ហានិភ័យ​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​អាការ​ធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ WHO ក៏បាន​ណែនាំ​ឱ្យប្រើ​អង្គ​ប​ដិ​ប្រាណ Sotrovimab សម្រាប់ អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ ដែលមាន​រោគសញ្ញា​ស្រាល ប៉ុន្តែ​មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ខ្ពស់បំផុត មានដូចជា មនុស្ស​ចាស់ អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឬ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹកនោមផ្អែម​ជាដើម។

មុន​នោះ កាលពី​ខែកក្កដា ២០២១ WHO ក៏បាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​បញ្ហា​រលាក​សន្លាក់​ដែលមាន​សមាសធាតុ tocilizumab និង sarilumab បូក​ជាមួយនឹង corticosteroid ដើម្បី​ទប់ស្កាត់​ហានិភ័យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​កូ​វីដ-១៩ ប្រតិកម្ម​ជ្រុល​នៅ​ចំពោះមុខ SARS-CoV-2។ កាលពី​ខែកញ្ញា ២០២១ WHO ក៏បាន​បន្ត​អនុម័ត​ឱ្យប្រើ​ប្រាស់​វិធី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដោយ​អង្គ​ប​ដិ​ប្រាណ​សំយោគ Regeneron ផងដែរ។

Advertisement