អូ​មី​ក្រុង បង្ក​ហានិភ័យ​ឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ «ទាប​ជាង​ឆ្ងាយ» ធៀប​នឹង ដេ​លតា

ការសិក្សា​ស្រាវជ្រាវ​មួយ​នាពេលថ្មីៗនេះ ដែល​បាន​ធ្វើឡើង​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ជិត ៧០,០០០ នាក់ នៅ រដ្ឋ California សហរដ្ឋ​អាម៉េរិក បាន​បង្ហាញថា អូ​មី​ក្រុង បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ទាប​ជាង​បណ្ដា វីរុស​បំប្លែង​ខ្លួន​ថ្មី​នានា​របស់ កូ​វីដ-១។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើនេះ ស៊ីចង្វាក់​គ្នា​ជាមួយនឹង​ការរកឃើញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ អាហ្វ្រិក​ខាងត្បូង អង់គ្លេស និង ដា​ណឺ​ម៉ាក ក៏ដូចជា​ការពិសោធ​ជាច្រើន​នៅលើ​សត្វ​នាពេល​កន្លង។

ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅថ្មីៗនេះ ប្រទេស​អង់គ្លេស និង​ប្រទេស​មួយចំនួនទៀត​បាន​រាយ​ការណ៍​ថា អូ​មី​ក្រុង បង្ក​ហានិភ័យ​ឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ មាន​កម្រិត​ទាប​ជាង វ៉ា​រ្យ៉​ង់ ដទៃ។ នៅពេល អូ​មី​ក្រុង បាន​ឆ្លង​ដល់ សហរដ្ឋ​អាម៉េរិក វេជ្ជបណ្ឌិត Lewnard នៃ​សាកលវិទ្យាល័យ California និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ទៀត បានចាប់ផ្ដើម​វិភាគ​ទិន្នន័យ​សុខាភិបាល ដែល​បាន​ប្រមូល​ដោយ​ប្រព័ន្ធ​សុខាភិបាល Kaiser Permanente នៅ រដ្ឋ California ខាងត្បូង។

ពួកគេ​បាន​វិភាគ​ទិន្នន័យ​នៃ​អ្នកជំងឺ​ចំនួន ៦៩,២៧៩ នាក់ ដែលមាន​រោគសញ្ញា និង​មាន​លទ្ធផល​វិជ្ជមាន​នឹង កូ​វីដ-១៩ ចាប់ពី​ថ្ងៃទី ៣០ វិច្ឆិកា ២០២១ ដល់​ថ្ងៃទី ១ មករា ២០២២។ ក្នុងនោះ សំណាក​ចំនួន ៧៥% វិជ្ជមាន​នឹង អូ​មី​ក្រុង ក្រៅពីនេះ​គឺ​វិជ្ជមាន​នឹង ដេ​លតា។

ក្រោយមក ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​តាមដាន​ក្រុមមនុស្ស​ដែល​វិជ្ជមាន​នឹង កូ​វីដ-១៩ ដើម្បី​ឱ្យដឹងថា ពួកគេ​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​អត់។ លទ្ធផល​បាន​បង្ហាញថា ធៀប​នឹង ដេ​លតា ហានិភ័យ​នៃ​ការធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​ដោយសារ អូ​មី​ក្រុង ថយចុះ ៥០% ហើយ​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ត្រូវ​សម្រាក​ក្នុង​ពេទ្យ​ក្នុង​រយៈពេល​ខ្លី​ជាង ធៀប​នឹង​អ្នកជំងឺ ដេ​លតា ផងដែរ។

ក្នុងចំណោម​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង អូ​មី​ក្រុង ចំនួន​ជាង ៥២,០០០ នាក់ ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ត្រូវ​ដកដង្ហើម​ដោយមាន​ជំនួយ​ពី​ម៉ាស៊ីន​នោះទេ នៅក្នុង​អំឡុងពេល​ខាងលើ។ អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង ដេ​លតា ចំនួន ១៤ នាក់ បាន​បាត់​បង់ជីវិត ខណៈដែល​តួលេខ​នេះ​នៅលើ​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង អូ​មី​ក្រុង មាន​ត្រឹមតែ ១ នាក់​ប៉ុណ្ណោះ។

វេជ្ជបណ្ឌិត Lewnard ក៏បាន​បញ្ជាក់ថា វ៉ាក់សាំង​ពិតជា​បាន​ជួយ​ឱ្យ​អ្នកជំងឺ មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង​ចាប់ពី ៦៤% ដល់ ៧៣% បើ​ធៀប​នឹង​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង។ ប៉ុន្តែ សម្រាប់ អូ​មី​ក្រុង សូម្បីតែ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ក៏​វា​បង្ក​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង ធៀប​នឹង​ង​ផដែរ ធៀប​នឹង ដេ​លតា។

មូលហេតុ​ដែល​បណ្ដា​មន្ទីរពេទ្យ​នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​រង​សម្ពាធ​ដោយសារ​មាន​អ្នកជំងឺ​កូ​វីដ-១៩ ច្រើន ត្រូវបាន​វេជ្ជបណ្ឌិត Lewnard បកស្រាយ​នេះ គឺ​មកពី អូ​មី​ក្រុង ងាយ​ឆ្លង​រាលដាល ធ្វើ​ចំនួន​អ្នកជំងឺ​កើនឡើង​ខ្ពស់៕

Advertisement