ថ្នាំ​បាញ់​តាម​ច្រមុះ អាច​ទប់ស្កាត់​ការឆ្លង​វីរុស កូ​វីដ-១៩ បាន​រហូតដល់ ៨ ម៉ោង

(ហ្វាំ​ង​ឡង់)-ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Helsinki បង្កើតបាន​ថ្នាំ​បាញ់​តាម​រន្ធ​ច្រមុះ​ថ្មី​មួយ​ដែល​អាច​ការពារ​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព នៅ​ចំពោះមុខ កូ​វីដ-១៩ រួមទាំង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ផងដែរ។

ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​កោ​សិ​ក​សត្វ​កណ្ដុរ កាលពីពេលថ្មីៗនេះ បង្ហាញថា ថ្នាំ​បាញ់​ច្រមុះ​អាច​ទប់ស្កាត់​ការឆ្លង​របស់​វីរុស​ទៅក្នុង​កោសិកា បាន​រយៈពេល​រហូតដល់ ៨ ម៉ោង បន្ទាប់ពី​បាញ់ ១ ដូ​ស។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹងត្រូវ​ពិសោធ​បន្ថែមទៀត មុននឹង​អាច​ប្រើប្រាស់​នៅលើ​មនុស្ស។

ថ្នាំ​បាញ់​ច្រមុះ​ប្រឆាំង​ការឆ្លង កូ​វីដ-១៩ នេះ ត្រូវ​ពិសោធ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​សាកលវិទ្យាល័យ Helsinki នៃ​ប្រទេស​ហ្វាំ​ង​ឡង់។

គ្រាប់​វីរុស​ពណ៌​លឿង​ នៅ​ក្នុង​ថង់ដែល​តភ្ជាប់​របស់​ភ្នាស​កោសិកា

ទោះជា​យ៉ាងណាក៏ដោយ Kalle Saksela ដែលជា​អ្នកស្រាវជ្រាវ​របស់​ក្រុម​ខាងលើ​ថ្លែងថា ថ្នាំ​បាញ់​ច្រមុះ​ដែល​ត្រូវបាន​ប្រកាស​ឱ្យដឹង​កាលពី​ខែធ្នូ ២០២១ នេះ មិនមែនជា​វ៉ាក់សាំង ហើយក៏​មិនមែនជា​ដំណោះស្រាយ​ជំនួស​វ៉ាក់សាំង ប៉ុន្តែ វា​ដូច​ទៅនឹង​ជំនួយការ​វ៉ាក់សាំង ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដល់​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ពិសេស​គឺ​អ្នក​ដែលមាន​អង្គ​ប​ដិ​ប្រាណ​ខ្សោយ។

បច្ចុប្បន្ន Kalle Saksela មិនទាន់​ដឹង​ច្បាស់​ថា ថ្នាំ​បាញ់​ច្រមុះ​នេះ​នឹង​ទទួលបាន​ការអនុម័ត​ឱ្យ​ពិសោធ​លើ​មនុស្ស ក៏ដូចជា​ការ​ចរាចរ​លើ​ទីផ្សារ​នៅពេលណា​នៅឡើយ៕

Advertisement