អាម៉េរិក វះកាត់​ដាក់​បេះដូង​ជ្រូក​ទៅក្នុង​រាងកាយ​អ្នកជំងឺ​ដើម្បី​សង្គ្រោះ​ជីវិត

ក្រុម​វេជ្ជបណ្ឌិត​នៅ Maryland (សហរដ្ឋ​អាម៉េរិក) បានធ្វើការ​វះកាត់​ភ្ជាប់​បេះដូង​ជ្រូក​ដែល​ត្រូវបាន​កែប្រែ ហ្សែ​ន ទៅក្នុង​រាងកាយ​របស់​អ្នកជំងឺ​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត។

សារព័ត៌មាន​អង់គ្លេស Guardian ដកស្រង់​សម្ដី​របស់​ក្រុម​វេជ្ជបណ្ឌិត​ប្រចាំ​មជ្ឈមណ្ឌល​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Maryland កាលពី​ថ្ងៃទី ១០ មករា បានឱ្យដឹងថា ក្រោយ​ការវះកាត់​បាន ៣ ថ្ងៃ អ្នកជំងឺ​ក៏បាន​ប្រសើរឡើង ប៉ុន្តែ ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អាច​អះអាងថា ករណី​វះកាត់​នេះ​ជោគជ័យ ឬ​យ៉ាងណា។

ករណី​វះកាត់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បោះជំហាន​ទៅមុខ ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​ដែល​បានអូសបន្លាយ​ពេល​អស់​ច្រើន​ទសវត្សរ៍ ទាក់ទិន​នឹង​ការប្រើប្រាស់​គ្រឿងក្នុង​របស់​សត្វ នៅក្នុង​ការវះកាត់​សង្គ្រោះ​ជីវិត​មនុស្ស។

អ្នកជំងឺ​ដែល​ទទួលបាន​ការវះកាត់​ដាក់​បេះដូង​ជ្រូក​ដែល​បាន​កែប្រែ ហ្សែ​ន នេះ គឺ​លោក David Bennett អាយុ ៥៧ ឆ្នាំ។ កូនប្រុស​របស់លោក David Bennett បាន​និយាយថា បើទោះជា​មិនមាន​ការធានា​ថា ការវះកាត់​នឹង​ជោគជ័យ ប៉ុន្តែ ឪពុក​របស់គាត់​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ គឺមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួលយក​ការវះកាត់ ហើយ​បច្ចុប្បន្ន​ក៏​មិនមាន​វិធី​ព្យាបាល​ផ្សេងទៀត​ដែរ។

មកដល់​ថ្ងៃទី ១០ មករា លោក David Bennett អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ នៅតែ​ត្រូវ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ជំនួយ​បេះដូង និង​សួត។

សហរដ្ឋ​អាម៉េរិក កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​អ្នក​បរិច្ចាគ​អវយវៈ​ក្នុង​រាងកាយ​សម្រាប់​ការវះកាត់​ប្ដូរ​អវយវៈ​ដល់​អ្នកជំងឺ។ ប្រការនេះ​នាំឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​ប្រើប្រាស់​គ្រឿងក្នុង​របស់​សត្វ​ដើម្បី​ជំនួស។ ឆ្នាំ ២០២១ មានការ​វះកាត់​បែបនេះ​តែ​ជាង ៣,៨០០ ករណី​ប៉ុណ្ណោះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ សហរដ្ឋ​អាម៉េរិក៕

Advertisement