ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

(ឥណ្ឌា)-លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ នៅក្នុង​រដ្ឋ Bihar យល់ថា វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ បាន​ជួយ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ជាង​មុន ទើបបាន​គាត់​សម្រេចចិត្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​រហូតដល់ ១២ ដូ​ស និង​នៅតែ​មានបំណង​ទទួល​ការចាក់​ថែមទៀត។

លោកតា Mandal ដែលជា​អតីត​បុគ្គលិក​ប្រៃសណីយ៍​ម្នាក់ បានឱ្យដឹងថា លោកតា​បានទទួល​ការចាក់​ដូ​ស​ដំបូង​នៅ​ថ្ងៃទី ១៣ កុម្ភៈ ២០២១ នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយ​ទទួល​ការចាក់​បន្តទៀត​ចាប់ពីពេលនោះ។ លោកតា​រូបនេះ​បាន​កត់ត្រា​ពេលវេលា និង​ទីតាំងនីមួយៗបន្ទាប់ពី​បានទទួល​ការចាក់។ លោកតា Mandal អះអាងថា ដូ​ស​ទី ៩ ត្រូវបាន​ចាក់​កាលពី​ថ្ងៃទី ២៤ កញ្ញា ២០២១ នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Kalashan ស្រុក Madhepura។

«ខ្ញុំ​យល់ថា វ៉ាក់សាំង​កំពុង​ជួយ​ដល់​សុខភាព​ទូទៅ​របស់ខ្ញុំ» លោកតា​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មករា នៅក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ។ លោកតា​បន្តថា «អាការ​ឈឺចង្កេះ ភាព​អស់កម្លាំង​បាន​ធូរស្រាល ហើយ​ខ្ញុំ​ក៏​ហូប​បាន​ឆ្ងាញ់​មាត់​ជាង​មុន។ ខ្ញុំ​តែងតែ​ស្វែងរក និង​ទៅកាន់​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី។ គ្មាន​នរណា​ស្គាល់​ខ្ញុំ​ឡើយ»។

វេជ្ជបណ្ឌិត Amarendra Narayan Shahi ប្រធាន​មន្ទីរពេទ្យ​នៅ Madhepura ថ្លែងថា បាន​និយាយ​គ្នា​ជាមួយ​លោកតា Mandal ហើយ​ត្រូវ​លោកតា​ប្រាប់ថា ចង់​ចាក់​វ៉ាក់សាំង​ថែមទៀត ព្រោះ​ជឿថា វា​អាច​ព្យាបាល​ជាសះស្បើយ​នូវ​ជំងឺ​ទូទៅ​របស់​មនុស្ស​ចាស់។ «គាត់​អះអាងថា បាន​ចាក់​វ៉ាក់សាំង ១២ ដូ​ស រួចហើយ។ ខ្ញុំ​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដែលមាន​សមាជិក ៣ រូប ដើម្បី​ស្វែងរក​ការពិត» វេជ្ជបណ្ឌិត Shahi បន្ថែម​ដូច្នេះ។

លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ

ប្រភពព័ត៌មាន​ឱ្យដឹងថា ៩ ដូ​ស ក្នុងចំណោម ១២ ត្រូវបាន​លោកតា​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដើម្បី​ចុះឈ្មោះ។ ចំណែក ៣ ដូ​ស ទៀត លោកតា​ចុះឈ្មោះ​ដោយ​ប្រើប្រាស់​ប័ណ្ណបោះឆ្នោត លេខ​ទូរស័ព្ទ​របស់​ភរិយា និង​លេខ​ទូរស័ព្ទ​មិត្តភក្ដិ។

ពុំទាន់​ដឹង​ច្បាស់​ថា ព័ត៌មាន​ស្ដីពី​ការចាក់​វ៉ាក់សាំង ១២ ដូ​ស របស់​លោកតា Mandal បាន​បែកធ្លាយ​ដោយសារ​មូលហេតុ​ណា​នោះទេ ប៉ុន្តែ ដំណឹង​នេះ​ទំនងជា​ត្រូវបាន​លោកតា Mandal និយាយប្រាប់​អ្នកណាម្នាក់ ហើយ​ម្នាក់​នោះ​ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ស្រុក Madlepura កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ។

មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ដែល​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង ១២ ដូ​ស នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាក់លាក់​ដល់​សុខភាព ឬ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ផ្សេងទៀត​ក្រៅពី​ការប្រឆាំង​កូ​វីដ-១៩ នៅឡើយ។ ក៏ប៉ុន្តែ ជាក់ស្ដែង ការជជែក​វែកញែក​អំ​ពី​ហានិភ័យ​នៃ​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ កំពុង​ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​យល់ថា វា​អាច​នាំឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ត្រូវអស់​កម្លាំង ឬ​ទប់​មិនឱ្យ​វា​ប្រតិកម្ម​ជាមួយនឹង​កំណែ​វ៉ាក់សាំង​នាពេល​អនាគត។

លទ្ធផល​នៃ​ការស្រាវជ្រាវ​នឹង​កំណត់​ច្បាស់​ថា លោកតា Mandal បានទទួល​ការចាក់​វ៉ាក់សាំង​ប៉ុន្មាន​ដូ​ស​រួចហើយ។ រដ្ឋ Bihar គឺជា​តំបន់​ដែល​កើតមាន​ករណី​ខុស​ប្រក្រតី​ច្រើនជាងគេ​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ ឥណ្ឌា ដែលជា​ប្រទេស​បាន​ចាក់​វ៉ាក់សាំង ១.៥ ពាន់​លាន​ដូ​ស​រួចហើយ៕

Advertisement