ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

សកម្មភាព​កន្លែង​ធ្វើ​តេស្ត​រក​ កូវីដ-១៩ នៅ​​ប្រទេស​ថៃ កាលពី​ខែ​កក្កដា ២០២១

ក្រុមមន្ត្រី​ថៃ បាន​រកឃើញ​តំបន់​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង រាប់រយ​ករណី ដែលមាន​ប្រភព​ចម្លង​ពី​ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់ និង​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នាពេលខាងមុខ។

អាជ្ញាធរ​ថៃ បាន​ហៅ​សម្បុក​របស់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​ថា​ជា «ព្រឹត្តិការណ៍​មហា​ចម្លង» ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត Kalasi តាំងពី​យប់​ថ្ងៃទី ២៤ ធ្នូ។

«ព្រឹត្តិការណ៍​មហា​ចម្លង» នៅក្នុង​ខេត្ត​នៃ​តំបន់​ភាគ​ឦសាន​របស់​ប្រទេស ថៃ នេះ ត្រូវបាន​បញ្ជាក់ថា មាន​ប្រភពពី​អ្នកដំណើរ​ជនជាតិ បែ​ល​ហ្សិ​ក ២ នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ-១៩ ដែល​បានមក​កាន់​ទីនេះ​នៅក្នុង​រដូវ​បុណ្យ​ណូអែល និង​បាន​ចូល​បៀរហ្គាឌិន សាល​ប្រគំ​តន្ត្រី និង​ផ្សារ​មួយចំនួន។

ក្រុមមន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់ ថៃ បានឱ្យដឹងថា មនុស្ស​រាប់រយ​នាក់​បាន​ឆ្លង​រោគ​ពី​សម្បុក​វីរុស​នេះ។ វីរុស​ពី​តំបន់​នេះ​ក៏បាន​ឆ្លងទៅ​ខេត្ត​ចំនួន ១១ ផ្សេងទៀត​ផងដែរ។

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់ ថៃ លោក Opas Karnkawinpong បញ្ជាក់ថា ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់​ខាងលើ បាន​ចូល​ទទួល​សេវាកម្ម​នៅក្នុង​បៀរហ្គាឌិន​មួយ​ដែល​មិនមាន​ខ្យល់​ចេញចូល​ល្អ ព្រមទាំង​មាន​មនុស្ស​ច្រើន នៅក្នុង​ចំណោម​កន្លែង​ជាច្រើន​ដែល​អ្នក​ទាំង ២ បាន​ចូល។

លោក Opas Karnkawinpong ថ្លែងថា «ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី បើសិន​អ្នក​ទៅកាន់​ទីណា​ដែល​អ្នកមាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព ល្អ​បំផុត​គឺ​កុំ​ចូល​ឱ្យសោះ»។

នៅ​ប្រទេស ថៃ បច្ចុប្បន្ន មាន​អ្នក​ឆ្លង កូ​វីដ-១៩ ចំនួន​ប្រហែល ២,៥០០ នាក់ ជា​រៀងរាល់ថ្ងៃ ក្នុង​សប្ដាហ៍​កន្លង។ ក្រសួងសុខាភិបាល​ថៃ ព្រមាន​ថា តួលេខ​នេះ​នឹង​កើន​ដល់ ៣០,០០០ នាក់ និង​ស្លាប់​ជាង ១៦០ ក្នុង ១ ថ្ងៃៗ នៅក្នុង​ខែមីនា ឆ្នាំ ២០២២ បើសិន​មិនមាន​វិធានការ​បន្ទាន់​ដូចជា ការបង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្ត និង​ការរក្សា​គម្លាត​សង្គម​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

Advertisement