អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

លោកស្រី វេជ្ជបណ្ឌិត Angelique Coetzee ប្រធានសមាគមវិជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង

ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅ​ប្រទេស​នេះ សុទ្ធតែ​បានជា​សះស្បើយ​បន្ទាប់ពី​ទទួល​ការព្យាបាល​តាម​វិធី​សាមញ្ញ។

«ក្រោយពី​បានធ្វើ​រោគវិនិច្ឆ័យ​ភ្លាម យើង​ចាប់ផ្ដើម​ព្យាបាល​ដោយ​ប្រើ​ថ្នាំ cortisone និង​ថ្នាំ​ប្រភេទ ibuprofen កម្រិត​ស្រាល​ជាដើម ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺចាប់​សាច់ដុំ និង​ឈឺក្បាល។ ទាំងអស់​គឺមាន​តែ​ប៉ុណ្ណឹង។ មិនចាំបាច់​ប្រើប្រាស់​អុកស៊ីសែន និង​ថ្នាំ​ប្រឆាំង​វីរុស» វេជ្ជបណ្ឌិត Angelique Coetzee ប្រធាន​សមាគម​វិ​ជ្ជ​សាស្ត្រ​អាហ្វ្រិក​ខាងត្បូង ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២១ ធ្នូ ២០២១។

ក្រោយ​ការតាមដាន​ករណី​ឆ្លង អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង អស់​រយៈពេល ៥ សប្ដាហ៍ អ្នកស្រី Coetzee បង្ហើប​ឱ្យដឹងថា អ្នកជំងឺ​សុទ្ធ​តែមាន​រោគសញ្ញា​ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់កម្លាំង។

«ពួកគេ​អាចមាន ឬ​មិនមាន​រោគសញ្ញា​ក្អក។ បើសិនជា​ក្អក គឺ​ក្អក​ស្ងួត អម​ជាមួយនឹង​អាការ​ឈឺបំពង់ក» អ្នកស្រី Coetzee ថ្លែង​ដូច្នេះ និង​បន្ថែមថា «យោងតាម​ការស្រាវជ្រាវថ្មីៗនេះ អូ​មី​ក្រុង បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ពោលគឺ​មិនមែន​បង្ក​គ្រោះថ្នាក់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម​ដូច ដេ​លតា»។

ករណី​ឆ្លង​ថ្មី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បានចាប់ផ្ដើម​មាន​សញ្ញា​ថយចុះ។ ជាក់ស្ដែង ករណី​ឆ្លង​ប្រចាំថ្ងៃ កាលពី​ថ្ងៃទី ១៦ ធ្នូ បាន​ឡើងដល់​ជិត ២៧,០០០ នាក់ ចំណែក​ថ្ងៃទី ២១ ធ្នូ បាន​ថយ​មក​នៅត្រឹម ១៥,៤២៤ នាក់។ ប្រការនេះ​ធ្វើឱ្យ​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​អះអាងថា អូ​មី​ក្រុង បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​រួចហើយ នៅ អាហ្វ្រិក​ខាងត្បូង។

បច្ចុប្បន្ន អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់​វា៕

Advertisement