ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

ក្រុមបុគ្គលិកសុខាភិបាល កំពុងព្យាបាលអ្នកជំងឺ នៅ អង់គ្លេស កាលពីដើមឆ្នាំ ២០២១

ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​តូច និង​បឋម​មួយចំនួន​បានបង្ហាញ​ថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង ធៀប​នឹង វីរុស​បំប្លែង​ខ្លួនមុនៗ បើទោះជា​តួលេខ​នៃ​ករណី​ឆ្លង​កំពុង​កើនឡើង​យ៉ាង​លឿន​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។

លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​ស្ថាប័ន​សុខាភិបាល​សាធារណៈ របស់​ប្រទេស​ស្កុ​តឡែ​ន (PHS) នៃ ចក្រភព​អង់គ្លេស បង្ហាញថា អត្រា​នៃ​អ្នកជំងឺ​ដែល​ឆ្លង អូ​មី​ក្រុង ត្រូវ​ចូល​ពេទ្យ គឺមាន​ភាគរយ​ទាប ពោលគឺ ទាប​ជាង ២/៣ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ នេះ​បើតាម​សម្ដី​របស់​វេជ្ជបណ្ឌិត Jim McMenamin ប្រធាន​ផ្នែក​គ្រប់គ្រង​ករណី​អាសន្ន​របស់ PHS។

ក៏ប៉ុន្តែ ក្រុម​របស់ McMenamin នៅតែ​ព្រមាន​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅតែ​អាច​ប្រឈម​នឹង​ការរង​សម្ពាធ​ធ្ងន់ធ្ងរ​ពី អូ​មី​ក្រុង ព្រោះថា វីរុស​បំប្លែង​ខ្លួន​នេះ ឆ្លង​រាលដាល​លឿន​ជាង វ៉ា​រ្យ៉​ង់ មុន។

ក្នុង​ថ្ងៃ​ដដែល​នោះដែរ ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Imperial College London របស់ អង់គ្លេស ក៏បាន​ប្រកាស​លទ្ធផល​ដូច​ទៅនឹង ក្រុម​របស់ McMenamin។ ពួកគេ​រកឃើញថា អ្នក​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង​ពី ១៥ ទៅ ២០% និង​បង្ក​អាការ​ធ្ងន់ធ្ងរ​ទាប​ជាង ធៀប​នឹង ដេ​លតា។

ក្រៅពីនេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់ របស់​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ចុះផ្សាយ​នៅលើ​ទំព័រ MedRxiv កាលពី​ថ្ងៃទី ២១ ធ្នូ បានឱ្យដឹង​ដែរ​ថា អ្នកជំងឺ​ទាំងឡាយ​ដែល​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង ៨០% ធៀប​នឹង​អ្នក​ដែល​ឆ្លង វ៉ា​រ្យ៉​ង់ ដទៃ។

ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​ស្រាវជ្រាវ​ខាងលើ​ក៏បាន​ព្រមាន​ថា នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​ប៉ុណ្ណោះ។

មកដល់​បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ខណៈដែល​វា​កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ នេះ​បើតាម WHO៕

 

Advertisement