យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៤ នឹងត្រូវ​ធ្វើឡើងឆាប់ៗនេះ នៅ ប្រទេស​អ៊ីស្រាអែល

លោក​យាយ​ម្នាក់​កំពុង​ទទួល​ការ​ចាក់វ៉ាក់សាំង​ កាលពី​ដើម​ឆ្នាំ​ ២០២០ នៅ​ អ៊ីស្រាអែល

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានឱ្យដឹងថា ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៤ សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​លើសពី ៦០ ឆ្នាំ និង​បុគ្គលិក​សុខាភិបាល។

«ខ្ញុំ​បានស្នើ​ឱ្យ​ត្រៀម​សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ ជាបន្ទាន់។ ពិភពលោក​នឹង​ដើរ​តាម​ក្រោយ​យើង» នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Naftali Bennett បាន​សរសេរ​ដូច្នេះ នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ២១ ធ្នូ ២០២។

អ្នកនាំពាក្យ​មួយរូប​របស់ នាយករដ្ឋមន្ត្រី ក៏បាន​ឱ្យដឹងថា អ៊ីស្រាអែល នឹង​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ។

ការសម្រេច​ខាងលើនេះ​គឺ​យោងទៅតាម​អនុសាសន៍​របស់​គណៈកម្មកា​រ​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​សកល​របស់ អ៊ីស្រាអែល ដែលថា គួរ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​លើសពី ៦០ ឆ្នាំ និង​ក្រុម​បុគ្គលិក​សុខាភិបាល។ លោក Bennett បាន​ហៅ​សេចក្ដីសម្រេច​នេះ​ថា​ជា «ព័ត៌មាន​ដ៏​អស្ចារ្យ»។

ក្រសួងសុខាភិបាល​អ៊ីស្រាអែល កាលពី​ថ្ងៃទី ២១ ខែធ្នូ បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ចំនួន ១,១៤៨ នាក់ ក្នុងនោះ​មាន​ជាង​ពាក់កណ្ដាល ជា​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ប្រទេស​នេះ​ក៏មាន​ករណី​ស្លាប់​ដំបូង​ដោយសារ អូ​មី​ក្រុង ផងដែរ។

ជាង ៤.១ លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩.៣ លាន​នាក់ នៅ ប្រទេស​អ៊ីស្រាអែល បាន​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៣ រួចរាល់។ ប៉ុន្តែ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​នៅលើ​កុមារ​តូច និង​ក្មេង​ជំទង់ នៅមានកម្រិត​ទាប។ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ ១ ឆ្នាំ ដល់ ១១ ឆ្នាំ នៅ​ប្រទេស​នេះ សម្រេចបាន​មិន​ដល់ ១% នៅឡើយ សម្រាប់​ដូ​ស​ទី ១៕

Advertisement