អូ​មី​ក្រុង (Omicron) «បែងភាគ បង្កើត​កូនចៅ​» នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម បាន​លឿន​ជាង​ឆ្ងាយ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា (Delta)

ក្រុមមន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង កំពុងតែ​ឆ្លង​រាលដាល​យ៉ាង​លឿន និង​មាន​សមត្ថភាព​ឆ្លង​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់​វិជ្ជមាន​នឹង កូ​វីដ-១៩ ទៀតផង។

«មាន​ភ័ស្ដុតាង​ជាក់ស្ដែង​បង្ហាញថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​លឿន​ជាង​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ ឬ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ក៏មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង ឬ​ឆ្លង​ជាថ្មី​នូវ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង» ប្រធាន WHO លោក Tedros Adhanom Ghebreyesus បញ្ជាក់​ដូច្នេះ​កាលពី​ថ្ងៃទី ២០ ធ្នូ នៅ ប្រទេស​ស្វ៊ី​ស។

ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ​ហុងកុង ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «បែងភាគ បង្កើត​កូនចៅ​នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស បាន​លឿន​ជាង ៧០ ដង ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា» ប៉ុន្តែ វា​ទំនងជា​បង្ក​គ្រោះថ្នាក់​ដល់​សួត​តិចជាង ធៀប​នឹង វ៉ា​រ្យ៉​ង់ ដំបូង។

សាស្ត្រាចារ្យ Neil Ferguson ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ រាជរដ្ឋាភិបាល​អង់គ្លេស រួម​នឹង​ក្រុម​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Imperial College London កាលពី​ថ្ងៃទី ១៧ ធ្នូ ២០២១ បញ្ចេញ​របាយការណ៍​ប​ង្ហា​ញ​ថា «ពុំមាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា អូ​មី​ក្រុង បង្ក​គ្រោះ​ថ្នាក់ទាប​ជាង ដេ​លតា ឡើយ»។

ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ហានិភ័យ​ដែល​បណ្ដាលឱ្យ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង គឺមាន​ខ្ពស់ជាង ៥.៤ ដង ធៀប​នឹង ដេ​លតា។ Ferguson សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​របស់លោក ក៏បាន​បង្ហាញ​អំពី​សមត្ថភាព​ដែល អូ​មី​ក្រុង អាច​គេច​ពី​អង្គ​ប​ដិ​ប្រាណ​នៅលើ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់​ឆ្លង កូ​វីដ-១៩ និង​បាន​ព្រមាន​ថា អូ​មី​ក្រុង អាច​នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ក្នុងពេលឆាប់ៗខាងមុខ៕

Advertisement