WHO៖ ត្រូវតែ​បញ្ចប់​ជំងឺ​រាតត្បាត​សកល ក្នុង​ឆ្នាំ ២០២២

ប្រធាន WHO លោក Tedros Adhanom Ghebreyesus

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា ពិភពលោក​ត្រូវតែ​ប្រកៀក​ស្មា​គ្នា លើកឡើង​នូវ​ជម្រើសលំបាកៗដែល​ចាំបាច់​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ នៅក្នុង​ឆ្នាំក្រោយ។

«២០២២ ត្រូវតែ​ជា​ឆ្នាំ​ដែល​យើង​បញ្ចប់​ជំងឺ​រាតត្បាត​សកល» ប្រធាន WHO លោក Tedros Adhanom Ghebreyesus ថ្លែង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីស្នាក់ការ​កណ្ដាល នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២០ ធ្នូ ២០២១។

យោងតាម​លោក Tedros ពេលដែល​ពិធីបុណ្យ​នានា​នៅ​ចុងឆ្នាំ​កំពុង​ជិត​ចូល​មកដល់ បណ្ដា​ប្រទេស​គួរតែ​កាត់បន្ថយ​ព្រឹត្តិការណ៍​ឱ្យមក​នៅ​តិច​បំផុត ព្រោះតែ​ការអនុញ្ញាតឱ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន​នឹង​ក្លាយជា «ថ្នាល​ដ៏​ល្អ» ជួយ​ឱ្យ អូ​មី​ក្រុង ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ។ «នឹង​ជាការ​ប្រសើរ បើសិន​លុបចោល​ព្រឹត្តិការណ៍​នៅពេលនេះ​ភ្លាម ហើយ​ចាំ​ប្រារព្ធ​នៅពេល​ក្រោយ ជាជាង​ជប់លៀង​នៅពេលនេះ ប៉ុន្តែ​ត្រូវ​រង​ទុក្ខ​នៅពេល​ក្រោយ» លោក Tedros បន្ថែម​ដូច្នេះ។

លោក​បញ្ជាក់ថា បើទោះជា​ភាព​សាហាវ​របស់ វ៉ា​រ្យ៉​ង់ ថ្មី ធ្ងន់ធ្ងរ​កម្រិតណា ប៉ុន្តែ «តួលេខ​នៃ​ការឆ្លង​កើនឡើង​ឆាប់រហ័ស អាច​ជាន់ពន្លិច​ប្រព័ន្ធ​សុខាភិបាល» ហើយ​មនុស្ស​ជាច្រើន​ថែមទៀត នឹងត្រូវ​ស្លាប់។ ចាប់តាំងពី កូ​វីដ-១៩ បង្ហាញ​វត្តមាន មនុស្ស​ជាង ៥.៣ លាន​នាក់ បាន​បាត់​បង់ជីវិត ប៉ុន្តែ តួលេខ​ជាក់ស្ដែង ត្រូវបាន​គេ​ជឿថា ច្រើនជាង​នេះ​ឆ្ងាយ៕

Advertisement