ករណី​ឆ្លង​ថ្មី នៃ ​វីរុស​កូ​វីដ-១៩​ ប្រភេទ​ អូ​មី​ក្រុង​ (Omicron) កើន​ដល់​ជាង ១២,០០០នាក់/​ថ្ងៃ​ នៅ អង់គ្លេស

លោក Sajid Javid

ក្រុមមន្ត្រី​របស់ អង់គ្លេស មិន​លើកលែង​លទ្ធភាព​នៃ​ការ​រឹតត្បិត​ការដើរ​ហារ​នៅមុន​រដូវ​បុណ្យ​ណូអែល ក្នុង​គ្រា​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ថ្មី ដោយសារតែ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

«យើង​កំពុង​វាយតម្លៃ​ស្ថានការណ៍។ យើង​ត្រូវ​ពិនិត្យ​រាល់​វិធានការ​នៅក្នុង​ដំណាក់កាល​នេះ» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid បាន​ថ្លែង​ដូច្នេះ​កាលពី​ម្សិលមិញ។

លោក​ថ្លែងថា រដ្ឋាភិបាល​កំពុង​ពិនិត្យ​ទិន្នន័យ​រៀងរាល់​ម៉ោង និង​សុំ​យោបល់​ពី​ក្រុមប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​បាន​បញ្ជាក់ថា នៅមាន​ប្រការ​មិនទាន់​ច្បាស់លាស់​ជាច្រើន​ស្ដីពី អូ​មី​ក្រុង ប៉ុន្តែ ការរង់ចាំ​ទិន្នន័យ​ជាក់លាក់ អាច​នឹង​នាំឱ្យមាន​ការយឺតយ៉ាវ​ក្នុងការ​ទប់ទល់​ស្ថានការណ៍។

កាលពី​ថ្ងៃទី ១៩ ធ្នូ ប្រទេស​អង់គ្លេស បាន​រាយការណ៍​ថា រកឃើញ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ចំនួន ១២,០០០ នាក់ បន្ថែមទៀត ធ្វើឱ្យ​តួលេខ​នៃ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ នេះ កើនឡើង​ដល់ ៣៧,១០១ នាក់។ លោក Sajid Javid ព្រមាន​ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់ជាង​នេះ​ច្រើន និង​អះអាងថា ៦០% នៃ​ករណី​ឆ្លង​ថ្មី​នាបច្ចុប្បន្ន នៅ អង់គ្លេស គឺ​បណ្ដាលមកពី អូ​មី​ក្រុង។ គិត​ត្រឹម​ថ្ងៃទី ១៨ ធ្នូ ២០២១ យ៉ាងហោចណាស់ មាន​អ្នកជំងឺ ១២ នាក់ នៅ ប្រទេស​អង់គ្លេស បាន​ស្លាប់​ព្រោះតែ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ៕

 

Advertisement