ជប៉ុន រកឃើញ​បម្រែបម្រួល​ដែលនាំឱ្យ វីរុស​កូ​វីដ-១៩ ប្រភេទ ដេ​លតា (Delta) សាហាវ​ជាង​មុន

យោងតាម​ប្រភពព័ត៌មាន​ពី ទីក្រុង​តូ​ក្យូ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ ជប៉ុន ទើបតែ​បាន​រកឃើញ​បម្រែបម្រួល​មួយ​នៅក្នុង វ៉ា​រ្យ៉​ង់​ដេ​លតា នៃ វីរុស​កូ​វីដ-១៩ ដែលនាំឱ្យ វីរុស​បំប្លែង​ខ្លួន​នេះ ប្រែជា​សាហាវ​ជាង​មុន។

ភាព​សាហាវ​របស់ ដេ​លតា អាច​បណ្ដាលមកពី​បម្រែបម្រួល​មួយ​ត្រូវបាន​ដាក់ឈ្មោះថា P681R ដែល​កើតឡើង​នៅលើ​ប្រូតេអ៊ីន​បន្លា ជា​រចនាសម្ព័ន្ធ​ដែល​ជួយ​ឱ្យ វីរុស អាច​តោង​ជាប់​កោសិកា​របស់​មនុស្ស។ បម្រែបម្រួល P681R ធ្វើឱ្យ​បណ្ដា​កោសិកា​ដែលមាន​ផ្ទុក​វីរុស ក​កើតជា​ចំណុចអុជៗរាង​មូល​នៅលើ​សួត និង​នាំឱ្យមាន​អាការ​ធ្ងន់ធ្ងរ​ជាង​មុន។

ដើម្បី​ស្វែងយល់​អំពី​ភាព​សាហាវ​របស់ បម្រែបម្រួល P681R ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បានដាក់ វ៉ា​រ្យ៉​ង់​ដេ​លតា ឱ្យ​ឆ្លង​រាលដាល​ចូល​កោសិកា​ដែល​បាន​ត្រៀម​ទុក​ពិសោធ។ ពួកគេ​រកឃើញថា កោសិកា​ទាំងនេះ​ត្រូវ​ជាប់​ស្អិត​ចូលគ្នា និង​កកើត​ស្នាម​អុជ​មូល​នៅលើ​សួត មាន​ទំហំ​ធំ​ជាង ៣.៦ ដង ធៀប​នឹង​ទំហំ​មធ្យម​របស់​កោសិកា​ដែលមាន​ផ្ទុក វីរុស​ដើម​របស់ កូ​វីដ-១។ សត្វ​កណ្ដុរ​ដែល​ត្រូវបាន​យកមក​ពិសោធ បាន​ចុះ​ស្គម​យ៉ាង​លឿន និង​ត្រូវ​រលាក​សួត​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង​កណ្ដុរ​ដែល​ឆ្លង​វីរុស​ដើម។

សាស្ត្រាចារ្យ​រង Kei Sato របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ នៃ សាកលវិទ្យាល័យ​តូ​ក្យូ ដែលជា​អ្នកវិទ្យាសាស្ត្រ​មួយរូប​បានរួម​ចំណែក​ក្នុងការ​ពិសោធ​ខាងលើ យល់ថា ការស្រាវជ្រាវ​ទៅលើ បម្រែបម្រួល P681R នេះ អាច​បកស្រាយ​បាន​នូវ​មូលហេតុ​ដែលនាំឱ្យ ដេ​លតា បង្កឱ្យមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង វ៉ា​រ្យ៉​ង់ ដទៃ៕

Advertisement