EMA ណែនាំ​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់ Pfizer

អាជ្ញាធរ​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) កាលពី​ថ្ងៃទី ១៦ ធ្នូ បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ Paxlovid ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer។

យោងតាម EMA ថ្នាំ​គ្រាប់ Paxlovid ដែល​បច្ចុប្បន្ន​មិនទាន់​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​នៅឯ សហភាព​អឺរ៉ុប (EU) អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែលជា​មនុស្សពេញវ័យ អ្នក​ដែល​មិនទាន់​ត្រូវការ​ជំនួយ​អុកស៊ីសែន និង​អ្នកជំងឺ​ដែល​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​វិ​វត្ត​ទៅរក​ធ្ងន់ធ្ងរ។

EMA សង្កត់ធ្ងន់ថា ថ្នាំ​នេះ ប្រើប្រាស់​កាន់តែ​ឆាប់ កាន់តែ​ល្អ សម្រាប់​អ្នក​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង​កូ​វីដ-១៩ និង​ក្នុង​រយៈពេល ៥ ថ្ងៃ បន្ទាប់ពី​មាន​អាការរោគ។

EMA បញ្ជាក់ថា ការណែនាំ​នេះ​នឹង​ជួយ​ដល់​ស្ថាប័ន​សុខាភិបាល​របស់​បណ្ដា​ប្រទេស អាច​សម្រេច​ចិត្តបាន​​ឆាប់​រហ័ស​ ទាក់​ទង​​នឹង​​ការអនុញ្ញាត​ឱ្យប្រើ​ថ្នាំ Paxlovid មុនពេល​វា​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ។

យោងតាម EMA ទិន្នន័យ​បានបង្ហាញ​ថា ថ្នាំ Paxlovid ជួយ​កាត់បន្ថយ​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់ បើសិនជា​ត្រូវបាន​ព្យាបាលភ្លាមៗក្នុង​រយៈពេល ៥ ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ដែល​អ្នកជំងឺ​មាន​រោគសញ្ញា។ លទ្ធផល​នៃ​ការពិសោធ​បាន​បង្ហាញ​​ថា ​មាន​តែ ​ប្រហែល ​១% ប៉ុណ្ណោះ ក្នុងចំណោម​អ្នកជំងឺ​ដែល​បាន​ប្រើប្រាស់​ថ្នាំ Paxlovid ក្នុងអំឡុងពេល​ខាងលើ ត្រូវ​ចូល​ពេទ្យ បន្ទាប់ពី​បាន​ព្យាបាល ២៨ ថ្ងៃ ធៀប​នឹង ៦.៧% នៃ​អ្នកជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ​បញ្ឆោត (Placebo)។ ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​ឡើយ នៅក្នុង​ក្រុម​អ្នកប្រើប្រាស់​ថ្នាំ Paxlovid ខណៈ​អ្នកជំងឺ ១០ នាក់​នៅក្នុង​ក្រុម​អ្នក​ប្រើ​ថ្នាំ​បញ្ឆោត បាន​បាត់​បង់ជីវិត៕

Advertisement