WHO បន្ត​ព្រមាន​អំពី «ហានិភ័យ​ខ្ពស់» ពី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron)

ប្រធានអង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus

អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា អូ​មី​ក្រុង ធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់​ខ្លាំង​នៅ​ទូទាំង​សកលលោក ប៉ុន្តែ ​បញ្ជាក់​ថា នៅ​មាន​កត្តា​មិនទាន់​ច្បាស់លាស់​ជាច្រើន​ទាក់ទង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ។

«ហានិភ័យ​រួម​ទាក់ទង​នឹង វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ អូ​មី​ក្រុង នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់ ដោយសារតែ​មូលហេតុ​ជាច្រើន» WHO ឱ្យដឹង​ដូច្នេះ​នៅក្នុង​របាយការណ៍​កាល​ពីថ្ងៃ​ទី១២ ខែធ្នូ និង​បាន​សង្កាត់​ធ្ងន់​ថា សញ្ញា​មួយចំនួន​បង្ហាញថា អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ឬ​ធ្លាប់បាន​ឆ្លង​វីរុស​កូ​វីដ-១៩ ទំនងជា​មិនអាច​បង្កើត​អង្គ​ប​ដិ​ប្រាណ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់ អូ​មី​ក្រុង នាំឱ្យ​អត្រា​ឆ្លង​មាន​កម្រិត​ខ្ពស់ និង «ផលវិបាក​ធ្ងន់ធ្ងរ»។

យ៉ាងណាក៏ដោយ WHO ក៏បាន​ព្រមាន​ថា នៅមាន​ប្រការ​ជាច្រើន​ផ្សេងទៀត​ដែល​មិនទាន់​ច្បាស់លាស់​ទាក់ទង​នឹង អូ​មី​ក្រុង។ ការវាយតម្លៃដំបូងៗ បង្ហាញថា អូ​មី​ក្រុង បង្ក​អាការរោគ​ស្រាល​ជាង ដេ​លតា ប៉ុន្តែ នៅតែ​ត្រូវការ​ទិន្នន័យ​បន្ថែមទៀត​ដើម្បី​បញ្ជាក់ថា វា​បង្ក​គ្រោះថ្នាក់​ក្នុង​កម្រិត​ទាប​ជាង​បណ្ដា​វ៉ា​រ្យ៉​ង់មុនៗដែរ​ឬ​អត់។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Oxford របស់ អង់គ្លេស កាលពី​ម្សិលមិញ​បានប្រកាស​លទ្ធផល​ស្រាវជ្រាវ​មួយ​បង្ហាញថា អត្រា​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​បន្សាប អូ​មី​ក្រុង បាន​ថយចុះ​គួរឱ្យកត់សម្គាល់ នៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ចំនួន ២ ដូ​ស​រួចហើយ។

វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ដល់ WHO កាលពី​ថ្ងៃទី ២៤ វិច្ឆិកា បច្ចុប្បន្ន បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ជាង ៦០ រួចហើយ។ ថ្វីបើ​ត្រូវបាន WHO ចាត់​ចូលទៅក្នុង​ក្រុម​ដែល​គួរឱ្យ​ព្រួយបារម្ភ ប៉ុន្តែ មកដល់ពេលនេះ ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់ និង​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់បាន​នូវ​កម្រិត​នៃ​ការឆ្លង​រាលដាល និង​ភាព​សាហាវ​របស់ អូ​មី​ក្រុង នៅឡើយ៕

 

Advertisement