ភ័ស្ដុតាង​បង្ហាញថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង អាចមាន​វត្ត​មាននៅ អឺរ៉ុប មុនពេល​ត្រូវគេ​រកឃើញ​នៅ អាហ្វ្រិក​ខាងត្បូង

ក្រុមមន្ត្រី​សុខាភិបាល​មួយចំនួន​ បានលើកឡើង​នូវ​ភ័ស្ដុតាង​ថ្មី​បង្ហាញថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) ប្រហែលជា​បាន​ឆ្លង​រាលដាល​ខាងក្រៅ ទ្វីបអាហ្វ្រិក មុនពេល​ទ្វីប​នេះ​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ទីមួយ។

យោងតាម​សារព័ត៌មាន NBCNews ក្រុមមន្ត្រី​សុខាភិបាល​នៃ ប្រទេស​ហូ​ឡង់ បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង នៅក្នុង​សំណាក​ដែល​ត្រូវបាន​យក​ចាប់​ថ្ងៃទី ១៩ វិច្ឆិកា និង ២៣ វិច្ឆិកា។ ប្រការនេះ​បង្ហាញថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ប្រហែលជា​បានកកើតឡើង​នៅ ទ្វីបអឺរ៉ុប មុនពេល​ត្រូវបាន​រកឃើញ​នៅ ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ក៏ប៉ុន្តែ វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សាធារណៈ​របស់ ហូ​ឡង់ បានឱ្យដឹងថា៖ «បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ្នកជំងឺ​ទាំងនេះ​ធ្លាប់បាន​ទៅកាន់​បណ្ដា​ប្រទេស​នៅ​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក ឬ​យ៉ាងណា​នៅឡើយ»។

ដើម​សប្ដាហ៍​នេះ ហូ​ឡង់ បាន​រកឃើញ​យ៉ាង ១៤ ករណី​ដែល​បាន​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង នៅក្នុង​ចំណោម​អ្នកដំណើរ​ដែល​បាន​ត្រលប់​មកពី អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២៦ វិច្ចិកា។

ចំណែក នី​ហ្សេ​រី​យ៉ា វិញ ក៏បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ដំបូង នៅក្នុង​សំណាក​ដែល​យក​កាលពី​ខែតុលា នេះ​បើតាម​សារព័ត៌មាន AP ដកស្រង់​ប្រភពព័ត៌មាន​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ។

កាលពីដើម​ខែវិច្ឆិកា អាហ្វ្រិក​ខាងត្បូង បាន​រកឃើញ​ប្រការចម្លែកៗនៅក្នុង​ការពិសោធ​សំណាក​កូ​វីដ-១៩ ហើយ​ក្រោយមក​ក៏​ចាប់ផ្ដើម​មានការ​វិភាគ​នានា។ ថ្ងៃទី ២៤ វិច្ឆិកា អាជ្ញាធរ​របស់ អាហ្វ្រិក​ខាងត្បូង បាន​ព្រមាន និង​រាយការណ៍​អំពី វ៉ា​រ្យ៉​ង់ ថ្មី របស់ កូ​វីដ-១៩ ដែល​ហៅថា B.1.1.529។ ពីរ​ថ្ងៃ​ក្រោយមក អង្គការ​សុខភាព​ពិភពលោក បានដាក់​ឈ្មោះ​ឱ្យ B.1.1.529 នេះ​ថា អូ​មី​ក្រុង (Omicron) និង​ចាត់​ចូលក្នុង​ក្រុម​វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ៕

Advertisement