ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​កម្ចាត់​រាល់ វ៉ា​រ្យ៉​ង់ របស់ កូ​វីដ-១៩

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ប្រកាសថា រកឃើញ និង​បំបែកចេញ​បាន​នូវ​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​អាចជា «ឱសថ​ទិព្វ» សម្រាប់​ទប់ទល់​នឹង​រាល់ វីរុស​បំប្លែង​ខ្លួន​របស់ កូ​វីដ-១៩ ដែល​ធ្លាប់បាន​រកឃើញ​កន្លង​មក។

ក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ៣០ វិច្ឆិកា ក្រុម​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ ប្រទេស​ចិន (ក្នុងនោះ​មាន សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (Sun Yat-sen) នៅ ខេត្ត​ក្វាង​ចូ​វ និង សាកលវិទ្យាល័យ ចេជាំង (Zhejiang) នៅ ខេត្ត ហាងចូវ (Hangzhou) បានឱ្យដឹងថា ពួកគេ​ទំនងជា​បាន​រកឃើញ «ឱសថ​ទិព្វ» សម្រាប់​ដោះស្រាយ​បញ្ហា​វិបត្តិ​កូ​វីដ-១។

ទូរទស្សន៍ RT (រុស្ស៊ី) ផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​អះអាងថា អង្គ​ប​ដិ​ប្រាណ 35B5 ដែល​ពួកគេ​រកឃើញ បានបង្ហាញ​ប្រសិទ្ធភាព​ទាំង​នៅក្នុង​បន្ទប់ពិសោធន៍ ទាំង​នៅក្នុង​ការពិសោធ​លើ​រាងកាយ​មានជីវិត។

35B5 អាច​បន្សាប វីរុស​កូ​វីដ-១៩ ប្រភេទ​ដំបូង ក៏ដូចជា​បណ្ដា វ៉ា​រ្យ៉​ង់ ដែល​បាន និង​កំពុង​បង្ក​ការព្រួយបារម្ភ (VOC) ដល់​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ពិសោធ​ថ្នាំ​នេះ​នៅលើ​សត្វ​កណ្ដុរ​ដែលមាន​ផ្ទុក វ៉ា​រ្យ៉​ង់ ដូច​នៅលើ​មនុស្ស។ 35B5 អាច​ភ្ជាប់​ខ្លួន​ទៅនឹង​តំបន់​ស្ថិរភាព​បំផុត​របស់ ប្រូ​តេ​អ៊ី S (Spike protein/S-protein) នៅលើ វីរុស រួច​បន្សាប​រាល់ វ៉ា​រ្យ៉​ង់ របស់​វា រួមទាំង អូ​មី​ក្រុង (Omicron) ផងដែរ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា របកគំហើញ​នេះ​អាចជួយ​ដល់​ការអភិវឌ្ឍ​វ៉ាក់សាំង​រួមមួយ ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង វីរុស​កូ​វីដ-១៩ គ្រប់​ប្រភេទ៕

Advertisement