អាម៉េរិក រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​

លោក Anthony Fauci

អ្នកជំងឺ​កូ​វីដ-១៩ ដែល​ផ្ទុក​វីរុស​ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង ដែល​ត្រូវបាន​រកឃើញ​នៅ សហរដ្ឋ​អាម៉េរិក គឺជា​អ្នកដំណើរ​ត្រលប់​មកពី អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២២ វិច្ឆិកា និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគរាតត្បាត (CDC) របស់ អាម៉េរិក នា​ថ្ងៃនេះ បានឱ្យដឹងថា ករណី​ឆ្លង​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​គឺជា​ពលរដ្ឋ​របស់​រដ្ឋ California ដែល​បាន​ត្រលប់​មកពី ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២២ វិច្ឆិកា ហើយ​មួយ​សប្ដាហ៍​ក្រោយមក​ក៏បាន​ធ្វើតេស្ត​រកឃើញថា វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

CDC របស់ អាម៉េរិក បានប្រកាសថា «អ្នកជំងឺ​នេះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង មាន​អាការរោគ​ស្រាល និង​បាន​ប្រសើរ​ឡើងវិញ​ហើយ។ ករណី​ប៉ះពាល់​ផ្ទាល់​ត្រូវបាន​ស្រាវជ្រាវ ធ្វើតេស្ត និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន»។

អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​របស់ អាម៉េរិក លោក Anthony Fauci ឱ្យដឹងថា អ្នកជំងឺ​នេះ​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​មិនទាន់បាន​ចាក់​ដូ​ស​ជំរុញ។ លោក​ថា ត្រូវការ​ពេល​ជាង ២ សប្ដាហ៍ ដើម្បី​ដឹង​អំពី​លទ្ធភាព​នៃ​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង ក៏ដូចជា​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​វ៉ា​រ្យ៉​ង់​នេះ។

អូ​មី​ក្រុង បានបង្ហាញ​វត្តមាន​ដំបូង​នៅ ប្រទេស​ប៊ុត​ស្វា​ណា (Botswana) កាលពី​ថ្ងៃទី ១១ វិច្ឆិកា ហើយ​ក្រោយមក​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រកឃើញ និង​ប្រកាស​ជា​សាធារណៈ នៅពេល​ករណី​ឆ្លង​នៅ​ប្រទេស​នេះ​កើនឡើង​យ៉ាង​ឆាប់រហ័ស។ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៦ វិច្ឆិកា បាន​ចាត់ អូ​មី​ក្រុង ចូលទៅក្នុង​ក្រុម​វ៉ា​រ្យ៉​ង់​ដែល​គួរឱ្យ​ព្រួយបារម្ភ។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ជាង ២០ ហើយ ដែល​បាន​រកឃើញ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ ក្នុងនោះ​ក៏មាន​ទាំង​បណ្ដា​ប្រទេស​នៅ ទ្វីបអឺរ៉ុប និង​អាស៊ី ផងដែរ៕

Advertisement