អ៊ីស្រាអែល អនុញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​បង្ការ​ COVID-19 ដល់​ក្មេង​អាយុ​ចាប់​​ពី 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​

រដ្ឋាភិបាល​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី 14 វិច្ឆិកា បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​ដល់​​កុមារ​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Pfizer/BioNTech។

​អ៊ីស្រាអែល គឺជា​ប្រទេស​​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 កាល​ពី​ឆ្នាំ​មុន​ ដោយ​ផ្អែក​ទៅលើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​​វ៉ាក់សាំង​ និង​ទិន្នន័យ​​នៃ​ប្រសិទ្ធភាព​ក្រោយ​ការ​ចាក់​​ ជាមួយ​ Pfizer ដែល​នេះ​បាន​អនុញ្ញាត​ឱ្យ​ អ៊ីស្រាអែល​ ទទួល​បាន​វ៉ាក់សាំង​រាប់​លាន​ដូស​។

អ៊ីស្រាអែល បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ជំទង់​អាយុ​ចាប់​ពី​ 12 ដល់ 17 ឆ្នាំ​ ប៉ុន្តែ បាន​សម្រេច​ចាក់​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ បន្ទាប់​ពី​ Pfizer បាន​ធ្វើ​ការ​ពិសោធ​ និង​ទទួល​បាន​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ​ក្នុង​ប្រទេស​។

ប្រកាស​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រសួង​សុខាភិបាល​ រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 220​ ករណី ដែល​​តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​ ធៀប​នឹង​ 10,000​ នាក់​/​​ថ្ងៃ​ ​កាល​ពី​ចុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា​។​ យុទ្ធនាការ​ចាក់វ៉ាក់សាំង​ បាន​ជួយ​ឱ្យ​ប្រទេស​នេះ​កាត់​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​រាលដាល​។

​លទ្ធផល​នៃ​ការ​ពិសោធ​លើ​កុមារ​ និង​ក្មេង​ជំទង់ បង្ហាញ​ថា ​វ៉ាក់សាំង​ Pfizer មាន​ប្រសិទ្ធភាព​ 90.7% ក្នុងការ​ទប់ស្កាត់​អាការរោគ​នៃ​ជំងឺ​ COVID-19​។

អ៊ីស្រាអែល គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​បាន​ និង​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់​ ក្នុង​នោះ​​មាន​ដូច​ជា​ សហរដ្ឋ​អាម៉េរិក​ កម្ពុជា​ អារ៉ាប់រួម​ កូឡុំប៊ី និង​គុយបា​។ យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​​​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ នៅ​ អ៊ីស្រាអែល នឹង​ត្រូវ​បាន​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕

Advertisement