អា​ម៉​រិ​ក ពន្យារពេល​អនុម័ត​លើ​វ៉ា​ក់​សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Moderna សម្រាប់​កុមារ

ក្រុមហ៊ុន Moderna បានឱ្យដឹងថា អាជ្ញាធរ សហរដ្ឋ​អាម៉េរិក ពន្យារពេល​ការអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន​នេះ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​វាយតម្លៃ​បន្ថែម។

ការិយាល័យ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 29 វិច្ឆិកា បាន «ប្រកាស​ឱ្យ Moderna ដឹងថា ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​វាយតម្លៃ​លើ​ការវិភាគ​លក្ខណៈ​អន្តរជាតិ​នានា​ស្ដីពី​ហានិភ័យ​នៃ​បញ្ហា​រលាក​សាច់ដុំ​បេះដូង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង»។ នេះ​បើតាម​ក្រុមហ៊ុន​ផលិត​ឱសថ Moderna បានឱ្យដឹង​នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 31 តុលា។

Moderna ឱ្យដឹងថា ដំណើរការ​នៃ​ការវាយតម្លៃ​របស់ FDA ស្ដីពី​ការដែល​ថា គួរតែ​លើកទឹកចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ដល់​ក្មេង​ដែលមាន​វ័យ​ចាប់ពី 12 ឆ្នាំ ដល់ 17 ឆ្នាំ​ដែរ ឬ​អត់ នោះ​អាច​អូសបន្លាយ​ពេល​ដល់​ខែមករា ឆ្នាំ 2022។

បញ្ហា​រលាក​សាច់ដុំ​បេះដូង និង​រលាក​ស្រោម​បេះដូង​ខាងក្រៅ​គឺជា​រោគសញ្ញា​ដ៏​កម្រ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer និង Moderna ដែល​កើតឡើង​នៅលើ​ក្មេងប្រុស និង​បុរស​វ័យក្មេង។

ក៏ប៉ុន្តែ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ហានិភ័យ​នៃ​ការកើត​អាការ​ខាងលើ​គឺ​ខ្ពស់ជាង​ធម្មតា បន្ទាប់ពី​ឆ្លង COVID-19។ CDC អាម៉េរិក បញ្ជាក់ថា «បញ្ហា​រលាក​សាច់ដុំ​បេះដូង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដែល​ប្រើ​បច្ចេកវិទ្យា mRNA គឺ​កម្រ​កើតមាន ហើយ​វា​មាន​លក្ខណៈ​ស្រាល»។

សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 29 ខែតុលា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer-BioNTech សម្រាប់​ចាក់ឱ្យ​កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ដោយ​បរិមាណ​ទាប​ជាង ធៀប​នឹង​ការ​ចាក់ឱ្យ​មនុស្សពេញវ័យ។ មុន​នោះ Moderna ក៏បាន​ដាក់ពាក្យ​ទៅកាន់ FDA ដើម្បី​សុំច្បាប់​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម 18 ឆ្នាំ​ផងដែរ៕

Advertisement