យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ នឹងត្រូវ​បាន​បិទ​បញ្ចប់​នា​ព្រឹក​នេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ សម្រាប់​ពលរដ្ឋ​អាយុ​ចាប់ពី 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​កុមារ​ដែលមាន​អាយុ 5 ឆ្នាំ នៅឯ​ទីស្តីការ​គណ:រដ្ឋមន្ត្រី។

ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 ខាងលើនេះ គឺជា​ការបង្ហាញ​នូវ​ជោគជ័យ​របស់ កម្ពុជា លើ​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19។

រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចាប់ពី​ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021 រហូតមកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ជា​ជំនួយ​របស់​អង្គការ និង​រដ្ឋាភិបាល​នានា រួម​នឹង​វ៉ាក់សាំង​ដែល កម្ពុជា បាន​ទិញ​ពី​ប្រទេស​ចិន។

គិត​ត្រឹម​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ​រដ្ឋាភិបាល​កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ ពី 6 ឆ្នាំ​ឡើង បាន​ចំនួន​ជិត 13,709,000 នាក់ ស្មើនឹង​ជាង 85.68% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 16 លាន​នាក់។ ក្នុងនោះ ពលរដ្ឋ​ដែល​បាន​ចាក់​ពីរ​ដូ​ស មាន​ចំនួន​ជាង 13 លាន​នាក់ ខណៈ​អ្នក​ចាក់​ដូ​ស​ទី 3 មាន​ជិត 2 លាន​នាក់។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល។

នៅក្នុង​ចំណោម​ប្រជាជន​ចំនួន​ជិត 13,709,000 នាក់​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង រួមមាន ទីមួយ៖ 10,000,088 នាក់ ជា​ពលរដ្ឋ​ពេញវ័យ, 1,788,802 នាក់ ជា​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 12 ដល់​ក្រោម 17 ឆ្នាំ និង 1,920,599 នាក់ ជា​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12។

Advertisement