អាម៉េរិក អនុញាតឱ្យ​ចាក់​វ៉ាក់សាំង Pfizer ដល់​ក្មេង​ពី​អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ

សហរដ្ឋ​អាម៉េរិក បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer សម្រាប់​ចាក់​ដល់​ក្មេង​ដែលមាន​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​អះអាងថា ផលប្រយោជន៍​មាន​ច្រើន​លើសលុប ធៀប​នឹង​ហានិភ័យ។

ការសម្រេច​ខាងលើ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 29 តុលា បាន​បើកផ្លូវ​ឱ្យមាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​ក្មេង​ចំនួន 28 លាន​នាក់​នៅ​ប្រទេស​នេះ។ ក្រៅពី សហរដ្ឋ​អាម៉េរិក កន្លងមក​ក៏មាន​ប្រទេស​ជាច្រើន​បានអនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែលមាន​អាយុ​ប្រហាក់ប្រហែល​នេះដែរ មានដូចជា កម្ពុជា ស៊ី​លី គុយបា ចិន និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

ក្រុមហ៊ុន​ឱសថ Pfizer និង​ដៃគូ​សហការ BioNTech សប្ដាហ៍​នេះ​បានប្រកាសថា រដ្ឋាភិបាល​អាម៉េរិក បាន​ទិញ​វ៉ាក់សាំង Comirnaty ចំនួន 50 លាន​ដូ​ស​ពី​ក្រុមហ៊ុន​នេះ សម្រាប់​ចាក់ឱ្យក្មេងៗ ក្នុងនោះ​រួមទាំង​កុមារ​អាយុ​ក្រោម 5 ឆ្នាំ​ផងដែរ។

ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង Pfizer នៅលើ​ក្មេង​ចំនួន 3,000 នាក់ ប៉ុន្តែ មិនបាន​រកឃើញ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​នោះទេ។ កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន 2 ដូ​ស ដែលមាន​គម្លាត​ពីគ្នា 3 សប្ដាហ៍ ដោយ​បរិមាណ 10 microgram ដែល​ស្មើនឹង 1/3 ធៀប​នឹង​បរិមាណ​វ៉ាក់សាំង​ដែល​ចាក់ឱ្យ​ក្រុមមនុស្ស​ដែលមាន​អាយុ​ច្រើនជាង​នេះ៕

Advertisement