ប្រទេសអង់គ្លេស បានបញ្ជាទិញថ្នាំប្រឆាំងវីរុស ព្យាបាលជំងឺ COVID-19 ចំនួនរាប់សែនឈុត ដើម្បីត្រៀមសម្រាប់រដូវរងាខាងមុខ។
អាជ្ញាធរអង់គ្លេស សម្រេចបានកិច្ចព្រមព្រៀងទិញថ្នាំ molnupiravir ចំនួន 480,000 ឈុត ពីក្រុមហ៊ុន អាម៉េរិក Merck។ Molnupiravir គឺជាថ្នាំប្រឆាំងវីរុស ដែលត្រូវបានបញ្ជាក់ថា អាចកាត់បន្ថយហានិភ័យនៃការចូលពេទ្យ និងស្លាប់របស់អ្នកជំងឺ COVID-19។ កិច្ចព្រមព្រៀងទីពីរគឺថ្នាំ PF-07321332/ritonavir របស់ Pfizer ចំនួន 250,000 ឈុត។ ថ្នាំ ritonavir ផ្សំជាមួយនឹងថ្នាំគ្រាប់ប្រឆាំងវីរុសមួយប្រភេទទៀង តែងត្រូវបានគេប្រើសម្រាប់ព្យាបាលអ្នកជំងឺ អេដស៍ (AIDS) ឬអ្នកផ្ទុកវីរុស HIV។
បច្ចុប្បន្ន ពុំទាន់មានថ្នាំប្រភេទណាមួយដែលត្រូវបានស្ថាប័នគ្រប់គ្រងឱសថ និងផលិតថែទាំសុខភាព (MHRA) របស់ អង់គ្លេស ធ្វើការអនុម័តនៅឡើយ។ ថ្នាំ PF-07321332/ritonavir របស់ Pfizer ដែលកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍នៅឡើយ ប្រហែលជាត្រូវរង់ចាំរហូតដល់ដើមឆ្នាំ 2022 ខណៈដែល ថ្នាំ molnupiravir តាមគម្រោងនឹងត្រូវបានដឹកទៅដល់ អង់គ្លេស នៅក្នុងខែវិច្ឆិកា។
ក្រុមមន្ត្រីអង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើនេះត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងរលកនៃការឆ្លងរាលដាលខ្លាំងថ្មីដែលអាចកើតឡើងនៅក្នុងរដូវរងាខាងមុខ។
ក្រុមអ្នកឯកទេសផ្នែករោគឆ្លងនៅ ប្រទេសអង់គ្លេស បានស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងសកម្មភាពមួយចំនួនរបស់ពលរដ្ឋដើម្បីទប់ស្កាត់ COVID-19 នៅពេលដែលករណីឆ្លង និងករណីចូលពេទ្យ កើនឡើងខ្ពស់ រួមនឹងការបង្ហាញខ្លួនរបស់វីរុស COVID-19 បំប្លែងខ្លួនថ្មី AY.4.2 ដែលជា «កូនចៅ» របស់ Delta។ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា ប្រទេសអង់គ្លេស អាចប្រឈមនឹង «វិបត្តិរដូវរងា» បើសិនជាមិនចាត់វិធានការទប់ស្កាត់ជាមុន។
គិតមកដល់បច្ចុប្បន្ន អង់គ្លេស មានអ្នកឆ្លងវីរុស COVID-19 សរុបចំនួនជិត 8.59 លាននាក់ និងជាង 139,000 នាក់ បានបាត់បង់ជីវិត។ កាលពីម្សិលមិញ ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន 49,139 នាក់ និងករណីស្លាប់ថ្មីចំនួន 179 នាក់។
រដ្ឋលេខាធិការក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid បានព្រមានថា ចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅ អង់គ្លេស អាចឡើងដល់ខ្ទង់សែន និងបានអំពាវនាវឱ្យពលរដ្ឋប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង៕