ក្រសួងសុខាភិបាលនៃ ប្រទេសម៉ាឡេស៊ី ប្រកាសថា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ Merck ដើម្បីទិញថ្នាំ molnupiravir ចំនួន 150,000 ដូស សម្រាប់ព្យាបាលជំងឺ COVID-19។
«ការសម្រេចនេះត្រូវបានធ្វើឡើងនៅពេលយើងត្រៀមចូលដល់ដំណាក់កាលថ្មីដែលត្រូវចាត់ទុក COVID-19 ជាជំងឺពិសេស និងនៅពេលដែលយើងអាចរស់នៅជាមួយវីរុស ដោយការបន្ថែមវិធីសាស្ត្រព្យាបាលប្រកបដោយភាពច្នៃប្រឌិតថ្មី សម្រាប់ជាអាវុធប្រឆាំងនឹង COVID-19 ទន្ទឹមនឹងការចាក់វ៉ាក់សាំង រួមនឹងវិធានការសុខាភិបាលសាធារណៈផ្សេងទៀត» រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី Khairy Jamaluddin ប្រកាសកាលពីថ្ងៃទី 7 តុលា ស្ដីអំពីកិច្ចព្រមព្រៀងទិញថ្នាំ molnupiravir ពីក្រុមហ៊ុនឱសថ Merck របស់ សហរដ្ឋអាម៉េរិក។
Molnupiravir នឹងក្លាយជាថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ COVID-19 ដំបូងគេ បើសិនជាទទួលបានការអនុម័តពីស្ថាប័នសុខាភិបាល។ ទិន្នន័យនៃការពិសោធបានបង្ហាញថា ថ្នាំនេះជួយកាត់បន្ថយរហូតដល់ពាក់កណ្ដាលនៃហានិភ័យស្លាប់ ឬចូលពេទ្យ ដោយសារ COVID-19។
បណ្ដាប្រទេសនៅ អាស៊ី កំពុងតែចាប់អារម្មណ៍ខ្លាំងលើថ្នាំ molnupiravir។ ប្រទេសកូរ៉េខាងខាងត្បូង និងសិង្ហបុរី សុទ្ធតែបានប្រកាសថា បានចុះកិច្ចព្រមព្រៀងទិញថ្នាំនេះ។ ចំណែក ប្រទេសថៃ និង កោះតៃវ៉ាន់ វិញ ក៏កំពុងតែចរចាជាមួយក្រុមហ៊ុន Merck ដើម្បីទិញថ្នាំនេះដែរ។
ក្រុមហ៊ុន Merck គ្រោងនឹងផលិតថ្នាំ molnupiravir ចំនួន 10 លានដូស មុនឆ្នាំ 2022។ ក្រុមហ៊ុននេះ ទទួលបានការបញ្ជាទិញចំនួន 1.7 លានដូស ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងតម្លៃ 700 ដុល្លារ/ឈុត (ព្យាបាលមួយជា)។ តាមគម្រោង Merck នឹងប្រើប្រាស់វិធីគណនាតម្លៃថ្នាំទៅតាមកម្រិតផ្សេងៗគ្នា ដោយយោងទៅលើប្រាក់ចំណូលរបស់ប្រទេសនីមួយ៕