វេជ្ជបណ្ឌិត Fauci និយាយថា ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ COVID-19 ឈ្មោះ molnupiravir ផ្ដល់លទ្ធផលល្អ គួរជាទីពេញចិត្ត នៅក្នុងការពិសោធលើមនុស្ស បើទោះជាការអនុម័តឱ្យប្រើប្រាស់អាចត្រូវចំណាយពេលយូរ។
ក្រុមហ៊ុនផលិតឱសថ Merck កាលពីម្សិលមិញ (01 តុលា) បានប្រកាសលទ្ធផលនៃការពិសោធលើមនុស្សរបស់ថ្នាំគ្រាប់ molnupiravir ដែលអភិវឌ្ឍដោយក្រុមហ៊ុន Merck និងក្រុមហ៊ុន Ridgeback Biotherapeutics។ Merck ឱ្យដឹងថា ថ្នាំនេះជួយកាត់បន្ថយហានិភ័យនៃការចូលពេទ្យ ឬស្លាប់ នៅពេលប្រើប្រាស់សម្រាប់អ្នកជំងឺ COVID-19 ពេញវ័យ ដែលមានអាការស្រាល និងមធ្យម។
ក្រុមហ៊ុនបានឱ្យដឹងថា ការពិសោធក្រោយរយៈពេល 29 ថ្ងៃ បង្ហាញថា ពុំមានអ្នកជំងឺណាម្នាក់ក្នុងចំណោម 385 នាក់ដែលប្រើប្រាស់ថ្នាំនេះ ស្លាប់នោះទេ ហើយមានតែ 28 នាក់ប៉ុណ្ណោះ ដែលត្រូវចូលពេទ្យ តួលេខនេះស្មើនឹងពាក់កណ្ដាល បើធៀបនឹងក្រុមដែលប្រើថ្នាំបញ្ឆោត (placebo)។
ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី 1 តុលា វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាកំពូលផ្នែកសុខាភិបាលរបស់ប្រធានាធិបតី Joe Biden ថ្លែងថា លោកទទួលបានការជូនដំណឹងយ៉ាងល្អពី Merck។ Merck នឹងបញ្ជូនទិន្នន័យឱ្យនាយកដ្ឋានគ្រប់គ្រងអាហារនិងភេសជ្ជៈ (FDA) ដើម្បីសុំការអនុម័តបន្ទាន់។
«ទិន្នន័យពិតជាគួរឱ្យពេញចិត្ត» លោក Fauci និយាយដូច្នេះ បើទោះជាលោកព្រមានថា ដំណើរការនៃការអនុម័តឱ្យប្រើប្រាស់ពី FDA អាចនឹងត្រូវចំណាយពេលយូរ។
រដ្ឋាភិបាលអាម៉េរិក បានបញ្ជាទិញ ថ្នាំ molnupiravir នេះ ចំនួន 1.7 លានកញ្ចប់ (1 កញ្ចប់សម្រាប់ព្យាបាលមួយជា) ក្នុងតម្លៃ 1.2 ពាន់លានដុល្លារ។ នេះបើតាម Jeff Zient អ្នកចាត់ចែងយុទ្ធនាការប្រឆាំងរោគរាតត្បាតរបស់ សេតវិមាន។
បើទោះជាមានដំណឹងល្អពីក្រុមហ៊ុន Merck ប៉ុន្តែ ក្រុមមន្ត្រីសុខាភិបាលសាធារណៈ នៅតែលើកឡើងថា ការចាក់វ៉ាក់សាំងគឺជាដំណោះស្រាយល្អបំផុតសម្រាប់ការប្រយុទ្ធប្រឆាំងនឹង COVID-19៕