Pfizer អះអាងថា «វ៉ាក់សាំង​បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំង​នៅលើ​កុមារ​អាយុ​ពី 5 ឆ្នាំ ទៅ 11 ឆ្នាំ»

កុមារ Andres Clara អាយុ 12 ឆ្នាំ នៅក្នុងរដ្ឋ New York ទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 កាលពីថ្ងៃទី 14 ឧសភា

(សហរដ្ឋ​អាម៉េរិក)-ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer និង BioNTech ឱ្យដឹងថា វ៉ាក់សាំង COVID-19 មាន​សុវត្ថិភាព បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំង នៅក្នុង​ការពិសោធ​លើ​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ។

Pfizer និង BioNTech កាលពី​ម្សិលមិញ (20 កញ្ញា) បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​វ៉ាក់សាំង COVID-19 នៅលើ​កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ។ ពួកគេ​បាន​ចាក់ 2 ដូ​ស 10 មី​លី​ក្រាម ស្មើនឹង 1/3 នៃ​បរិមាណ​ដែល​ប្រើ​សម្រាប់​ក្មេង​ជំទង់ និង​មនុស្សពេញវ័យ ហើយ​ការចាក់​នេះ​មាន​គម្លាត​ពីគ្នា 3 សប្ដាហ៍។ លទ្ធផល​បាន​បង្ហាញថា វ៉ាក់សាំង​ត្រូវបាន​រាងកាយ​ប្រើប្រាស់​បាន​យ៉ាង​ល្អ ប្រព័ន្ធ​ភាពស៊ាំ​ដំណើរ​ការល្អ និង​មាន​ផលវិបាក​ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៅក្នុង​ការពិសោធ​លើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 16 ឆ្នាំ ដល់ 25 ឆ្នាំ។

អាការ​នៃ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង Pfizer នៅលើ​ក្មេង​ជំទង់ និង​មនុស្សពេញវ័យ រួមមាន អស់កម្លាំង, ឈឺក្បាល, ឈឺ​សាច់ដុំ, ព្រឺ​រងា, ក្ដៅខ្លួន និង​រកកល​ក្អួត នេះ​បើតាម​នាយកដ្ឋាន​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង​របស់ សហរដ្ឋ​អាម៉េរិក (CDC)។ Pfizer បានឱ្យដឹងថា ទិន្នន័យ​នៃ​ការពិសោធ​លើ​កុមារ​ចំនួន 2,200 នាក់ នឹងត្រូវ​បានដាក់​ជូន​នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ អាម៉េរិក (FDA) ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ នាពេល​ដ៏​ខ្លី​ខាងមុខ។

Albert Bourla នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer និយាយថា៖ «យើង​រំពឹងថា​នឹង​ពង្រីក​លទ្ធភាព​នៃ​ការការពារ​របស់​វ៉ាក់សាំង​ទៅដល់​ពលរដ្ឋ​វ័យក្មេង​នេះ អាស្រ័យទៅលើ​ស្ថាប័ន​គ្រប់គ្រង នៅក្នុង​ស្ថានការណ៍​ដែល​វ៉ា​រ្យ៉​ង់ Delta កំពុង​រាតត្បាត​ខ្លាំង និង​គំរាមកំហែង​ដល់​កុមារ»។

ទិន្នន័យ​ថ្មី​ត្រូវបាន​បញ្ចេញ នៅក្នុង​គ្រា​ដែល​អាណាព្យាបាល​ព្រួយបារម្ភ​ចំពោះ​ការចាក់​វ៉ាក់សាំង​ឱ្យកូនៗ ក្នុងពេលដែល​សាលារៀន​បើក​ដំណើរការ​ឡើងវិញ ចំណែក​វីរុស​បំប្លែង​ខ្លួន Delta នៅតែ​បន្ត​រាតត្បាត។ តួលេខ​នៃ​ការចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ សហរដ្ឋ​អាម៉េរិក កំពុង​កើនឡើង ក្នុងនោះ​ក៏មាន​ទាំង​កុមារតូចៗដែល​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ទទួល​ការចាក់​វ៉ាក់សាំង​ផងដែរ។

FDA បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer/BioNTech សម្រាប់​កុមារ​ចាប់ពី​អាយុ 12 ឆ្នាំ​ឡើងទៅ រីឯ​វ៉ាក់សាំង Moderna និង Johnson & Johnson សម្រាប់​ចាក់ឱ្យ​មនុស្សពេញវ័យ។ FDA គ្រោង​នឹង​ប្រកាស​លក្ខខណ្ឌ​សម្រាប់​ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​បន្ថែម​នៅក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​បានផ្ដល់​អនុសាសន៍​ឱ្យ​ចាក់ Pfizer ដូ​ស​បន្ថែម​សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 65 ឆ្នាំ​ឡើងទៅ និង​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ។ នេះ​បើ​តាម​សារ​ព័ត៌មាន CNBC។

Bourla កាលពី​សប្ដាហ៍​មុន​បានឱ្យដឹងថា Pfizer អាច​បញ្ជូន​ទិន្នន័យ​ស្ដីពី​កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ឡើងទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ចុងខែ​នេះ។ ទន្ទឹមនឹងនេះ Pfizer ក៏មាន​គម្រោង​ប្រកាស​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ពិសោធ​លើ​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ខែ ដល់ 5 ឆ្នាំ​ផងដែរ នៅ​ចុងខែ​តុលា​ខាងមុខ៕

Advertisement