សំណើចាក់វ៉ាក់សាំងដូសជំរុញរបស់ Pfizer ត្រូវបាន «ទាត់ចោល» ដោយ ក្រុមប្រឹក្សាវេជ្ជសាស្ត្ររបស់ FDA អាម៉េរិក

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ FDA អាម៉េរិក បាន​ច្រានចោល​សំណើ​ស្ដីពី​ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​ជំរុញ ដល់​ពលរដ្ឋ អាម៉េរិក ទាំងអស់​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ ដោយ​គ្រាន់តែ​យល់ព្រម​ឱ្យ​ចាក់​បន្ទាន់​សម្រាប់​មនុស្ស​ចាស់។

ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​រួមមាន​ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាលកំពូលៗរបស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) កោះប្រជុំ​នៅ​ថ្ងៃទី 18 ខែកញ្ញា។ នេះ​បើតាម NBC News។

ក្រោយពី​បាន​ពិនិត្យ​ឯកសារ​របស់ Pfizer ក្រុមប្រឹក្សា​នេះ​បាន​បោះឆ្នោត​ប្រឆាំងនឹង​សំណើ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ បើទោះជា​សំណើ​របស់ Pfizer ទទួលបាន​ការគាំទ្រ​ពី​រដ្ឋបាល​របស់លោក Joe Biden។

ការពិសោធ​លើ​មនុស្ស​ចំពោះ​ការ​វាក់​សាំង​ដូ​ស​ជំរុញ​របស់ Pfizer ត្រូវបានធ្វើ​ឡើងលើ​មនុស្ស​ចំនួន 300 នាក់។ ក្រុមប្រឹក្សា​ខាងលើ​យល់ថា តួលេខ​នៃ​ការពិសោធ​នេះ​តិចពេក មិនអាច​នាំទៅរក​ការសន្និដ្ឋាន​ច្បាស់លាស់​អំពី​កម្រិត​នៃ​សុវត្ថិភាព។

ការសម្រេចរបស់ FDA តែងតែយោងទៅតាមយោបល់របស់ក្រុមប្រឹក្សាពិគ្រោះយោបល់

«ខ្ញុំ​គិតថា លទ្ធផល​នេះ​បាន​បង្ហាញថា សមាជិក​នានា​របស់​ក្រុមប្រឹក្សា​នេះ មាន​ភាព​ឯករាជ្យ​ពី FDA ហើយ​ការពិត យើង​បាន​បញ្ចេញមតិ​អំពី​បញ្ហា​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​នេះ​រួចហើយ» Archana Chatterjee នាយក​សាលា​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Chicago ថ្លែង​ដូច្នេះ ខណៈ​មនុស្ស​ជាច្រើន​ក៏​មិន​យល់ស្រប​ចំពោះ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផងដែរ។

ក្រោយមក ក្រុមហ៊ុន Pfizer ក៏បាន​ដាក់សំណើ​ផ្សេង​មួយទៀត ដោយ​ស្នើសុំ​អនុម័ត​បន្ទាន់​ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដល់​មនុស្ស​ចាស់​ចាប់ពី​វ័យ 65 ឆ្នាំ​ឡើងទៅ និង​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ឆ្លង COVID-19 កម្រិត​ខ្ពស់។ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ FDA ក៏បាន​បោះឆ្នោត​គាំទ្រ​សំណើ​នេះ។

លទ្ធផល​នៃ​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​ខាងលើ​នឹង​ត្រូវបាន FDA ពិនិត្យ និង​យកមក​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការសម្រេចចិត្ត។ ថ្វីបើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​មិនមែន​ជាការ​តម្រូវឱ្យ FDA គោរព​តាម ប៉ុន្តែ ការសម្រេច​របស់ FDA តែងតែ​យោងទៅលើ​យោបល់​របស់​ក្រុមប្រឹក្សា​នេះ៕

Advertisement