វៀតណាម៖ អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង COVID-19 នឹងត្រូវ​ជាប់ពន្ធនាគា​រ បើសិន​ឆ្លង និង​ចម្លង​ដល់​គេឯង

ពលរដ្ឋវៀតណាម ទទួលការចាក់វ៉ាក់សាំង COVID-19 ប្រភេទ Moderna នៅក្នុងខេត្តវុងតៅ កាលពីថ្ងៃទី 13 កញ្ញា 2021

«អ្នក​ដែល​មិន​ព្រម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ហើយ​នាំឱ្យ​ឆ្លង និង​ចម្លង​វីរុស​ដល់​អ្នកផ្សេង នឹង​អាច​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ (អាច​ត្រូវ​បង់ប្រាក់​ពិន័យ ឬ​ត្រូវ​ជាប់ពន្ធនាគារ)» នេះ​បើតាម​អ្នកច្បាប់ នៅ​ប្រទេស​វៀតណាម។

ក្រុមប្រឹក្សា​សង្កាត់ Hoang Liet, ខណ្ឌ Hoang Mai, រដ្ឋធានី​ហាណូយ ថ្មីៗនេះ​បាន​ស្នើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​របស់ខ្លួន ចុះកិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ បើសិន​បដិសេធ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ហើយក៏​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់។

ក្នុង​ឯកសារ​ខាងលើ​របស់​សង្កាត់ Hoang Liet បានសរសេរថា៖ «ចំពោះ​ករណី​ស្ថិតក្នុង​វ័យ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ប៉ុន្តែ បដិសេធ​ការចាក់ ពលរដ្ឋ​ក្នុងករណី​នោះ​នឹង​ត្រូវបាន​ស្នើឱ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយនឹង​ក្រុមប្រឹក្សា​សង្កាត់ និង​ត្រូវ​បញ្ជាក់​អំពី​មូលហេតុ រួម​នឹង​ការ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើសិន​បាន​ក្លាយជា​អ្នកចម្លង​វីរុស​នៅក្នុង​សហគមន៍»។

ទិដ្ឋភាព​នៅ​ទីក្រុង​ហាណូយ ក្នុង​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង

អ្នកជំនាញ​ក្នុង​ផ្នែក​ចាក់​វ៉ាក់សាំង បានឱ្យដឹងថា ច្បាប់​ទប់ស្កាត់​ជំងឺឆ្លង​របស់ វៀតណាម កំណត់ថា ស្ថាប័ន​មាន​សមត្ថកិច្ច​មាន​សិទ្ធិ​តម្រូវឱ្យ​អ្នក​ស្ថិតក្នុង​ក្រុម​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ទៅ​ទទួល​ការចាក់ ពិសេស​គឺ​នៅក្នុង​តំបន់​សម្បុក​វីរុស។ ក៏ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្ដែង អាជ្ញាធរ​គ្រាន់តែ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ការចាក់​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន ពុំទាន់​មានការ​ពិន័យ​ចំពោះ​អ្នក​ដែល​បដិសេធ​ការចាក់​នៅឡើយ។

មេធាវី Trinh Thi Viet Kieu មកពី​រដ្ឋធានី​ហាណូយ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «ក្នុងករណី​ត្រូវ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​មិន​ព្រម​ចាក់ នៅពេល​ឆ្លង​វីរុស និង​ចម្លង​ដល់​អ្នកផ្សេង ពិតណាស់​គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។ ការចុះហត្ថលេខា​លើ​កិច្ចសន្យា ឬ​មិន​ចុះ ក៏​មិន​ប៉ះពាល់​ដល់​ការដែល​ត្រូវ​ទទួលខុសត្រូវ​នោះឡើយ»។

មេធាវី​ខាងលើ​និយាយថា បច្ចុប្បន្ន វៀតណាម មិនទាន់មាន​សេចក្ដីសម្រេច​ណាមួយ​ដែល​តម្រូវឱ្យ​ពលរដ្ឋ​ត្រូវតែ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19 នៅឡើយ។ បច្ចុប្បន្ន ស្ថាប័ន​នានា​កំពុង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​សុខភាព។

ទិដ្ឋភាព​នៅ​ក្រុង​ព្រៃនគរ (ហូជីមីញ ឬ​សៃហ្គន)

នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ 2015 របស់ វៀតណាម បាន​ចែងថា ចំពោះ​ទោស «ធ្វើឱ្យ​ឆ្លង​រាលដាល​ជំងឺ​ដែល​គ្រោះថ្នាក់​ដល់​មនុស្ស» ក្នុង​កម្រិត​ស្រាល​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី 50 លាន​ដុង ដល់ 200 លាន​ដុង ចំណែក​ទោស​ធ្ងន់​ជាង​នេះ​នឹង​អាច​ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី 1 ឆ្នាំ ដល់ 5 ឆ្នាំ។

ប្រទេស​វៀតណាម បច្ចុប្បន្ន​មាន​អ្នក​ឆ្លង COVID-19 ជាង 656,000 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 16,425 នាក់, ជាសះស្បើយ 423,551 នាក់ និង​កំពុង​ព្យាបាល​ជាង 216,000 នាក់។ ​ប្រជាជន​សរុប​​របស់​ វៀតណាម គិត​ត្រឹម​ថ្ងៃទី 17 កញ្ញា 2021 មាន​ចំនួន​ 98,396,006 នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ថ្មី​បំផុត​របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​គេហទំព័រ Worldometer៕

Advertisement