COVID-19! អនាគត​នៃ «មហា​រោគរាតត្បាត» ក្នុង​រយៈពេល 6 ខែ​ខាងមុខ

ការ​ចាក់​វ៉ាក់សាំង​នៅ​ Los Angeles រដ្ឋ​ California កាល​ពី​ខែ​មីនា​

ដោយសារតែ​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅលើ​ពិភពលោក មិនទាន់បាន​ចាក់​វ៉ាក់សាំង វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ COVID-19 ពិបាក​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល 6 ខែ​ខាងមុខ ប៉ុន្តែ វា​អាច​នឹង​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​ជាង​បច្ចុប្បន្ន នៅក្នុង​រដូវរងា។

វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 5.76 ពាន់​លាន​ដូ​ស ត្រូវបាន​គេ​ចាក់​នៅ​ទូទាំង​សកលលោក ក្នុងនោះ 43.3% នៃ​ប្រជាជន​សរុប បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស។ ប្រការនេះ​មានន័យថា មនុស្ស​ជិត 4 ពាន់​លាន​នាក់​ទៀត នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

ក្នុង​គ្រា​ដែល​ការចាក់​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន សុទ្ធតែ​ចាក់​បាន​ច្រើនជាង 60% បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ឯណោះ​វិញ ការចាក់ 1 ដូ​ស​នៅតែ​មិន​ទាល់​ដល់ 1.9% នៅ​ឡើង។ ខាងលើនេះ​គឺជា​ទិន្នន័យ​បានមកពី Our World in Data។

ក្រុម​អ្នកជំនាញ សុទ្ធតែ​យល់ថា ការចាក់​វ៉ាក់សាំង​គឺជា​គន្លឹះ​ដែល​ជួយ​ឱ្យ​មនុស្សលោក​អាច​ទប់​ទល់នឹង​រោគរាតត្បាត។ ការឆ្លង​រាលដាល​របស់ COVID-19 នាបច្ចុប្បន្ន អាច​ត្រូវបាន​គ្រប់គ្រង នៅពេល​ប្រជាជន​ភាគច្រើន (90-95%) បានទទួល​ការចាក់​វ៉ាក់សាំង ឬ​ធ្លាប់បាន​ឆ្លង​COVID-19។ ប៉ុន្តែ ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង និង​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ដែលមាន​កំណត់​ដូច​បច្ចុប្បន្ន គោលដៅ​នេះ​មិនអាច​សម្រេចបាន​នៅក្នុង​រយៈពេល 6 ខែ​ខាងមុខ។

«មិនមាន​ការចាក់​វ៉ាក់សាំង យើង​នឹង​ងាយ​រង​ផលប៉ះពាល់ ដោយសារ​វីរុស​នឹង​ឆ្លង​រាលដាល​ខ្លាំង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​ខាងមុខ» Lone Simonsen អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Roskilde ប្រទេស​ដា​ណឺ​ម៉ាក ថ្លែង​ដូច្នេះ។

Michael Osterholm ប្រធាន​មជ្ឈមណ្ឌល​គោលនយោបាយ​និង​ស្រាវជ្រាវ​រោគ​ឆ្លង​នៃ​សាកលវិទ្យាល័យ Minnesota នៅ Minneapolis និង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden និយាយថា៖ «ខ្ញុំ​គិតថា រលក​នៃ​ការឆ្លង​រាលដាល​នឹង​បន្ត​កើតឡើង​នៅ​ពាសពេញ​ពិភពលោក។ រោគ​ឆ្លង​នឹង​ថយចុះ ប៉ុន្តែ ក្រោយមក ខ្ញុំ​គិតថា យើង​នឹងរង​ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​ឆ្នាំនេះ»។

ការ​ស្កេត​កូដ QR ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ សិង្ហបុរី​ កាល​ពី​ខែឧសភា​

Osterholm បន្ថែមថា៖ «យើង​នឹង​បានឃើញ​រោគរាតត្បាត​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង រួច​ក៏​ថយចុះ​ជាច្រើនលើក ច្រើនសា ក្នុងអំឡុងពេល​ច្រើន​ឆ្នាំ​ទៅមុខ នៅពេល​វ៉ាក់សាំង​ត្រូវបាន​ចាក់​ទូលំទូលាយ​ជាង​បច្ចុប្បន្ន។ ខ្ញុំ​អាច​និយាយបានថា នេះ​គឺ​ដូច​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​មួយ​លើក​ដែល​មិនមាន​ទីបញ្ចប់ រហូតដល់​វា​បាន​ដុត​កម្ទេច​គ្រប់យ៉ាង»។

មហា​រោគរាតត្បាត​ចំនួន 5 លើក​ដែល​មនុស្សលោក​ធ្លាប់​ជួបប្រទះ​ក្នុងអំឡុង 130 ឆ្នាំ​កន្លងទៅ អាចឱ្យ​យើង​ដឹង​អំពី​តម្រុយ​នៃ​ដំណើរការ​របស់ COVID-19 នាពេលខាងមុខ។ នេះ​បើតាម​សាស្ត្រាចារ្យ Simonsen។

Simonsen ឱ្យដឹងថា បើ​ទោះ​រោគរាតត្បាត​ផ្ដាសាយ​ទូទាំង​សកលលោក​ដែល​អូស​បន្លាយពេល​យូរ​បំផុត​ត្រឹម 5 ឆ្នាំ ប៉ុន្តែ ពួកវា​ភាគច្រើន​ផ្ទុះ​ឆ្លង​រាលដាល​ចាប់ពី 2-4 លើក ក្នុងអំឡុងពេល​ពី 2-3 ឆ្នាំ។ COVID-19 គឺជា​វីរុស​ដែល​ខ្លាំងក្លា​ជាងគេ នៅពេលដែល​ឆ្នាំ​ទី​ពីរ​ជិត​ត្រូវ​បានបញ្ចប់ ពិភពលោក​នៅតែ​ពើបប្រទះ​នឹង​រលក​ឆ្លង​ទី​បី និង​មិនទាន់មាន​សញ្ញា​បង្ហាញ​អំពី​ទីបញ្ចប់​នៅឡើយ។

ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ការយល់ឃើញថា វីរុស​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​ទៅតាម​ពេលវេលា​គឺជា​រឿង​ខុសឆ្គង​ទាំងស្រុង។ «បើទោះជា​វ៉ា​រ្យ៉​ង់​ថ្មី​នានា មិនមែន​សុទ្ធតែ​គ្រោះថ្នាក់​ជាង​មុន ប៉ុន្តែ​វិបត្តិ​សុខភាព​អាច​ប្រែ​ទៅជា​ធ្ងន់ធ្ងរ នៅពេល​វីរុស​ស្វែងរក​វិធី​សម្រប​ខ្លួន​ទៅនឹង​បរិស្ថាន​ថ្មី» លោកស្រី Simonsen បញ្ជាក់​ដូច្នេះ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Bloomberg។

Erica Charters សាស្ត្រាចារ្យ​រង​ផ្នែក​ប្រវត្តិសាស្ត្រ​សុខាភិបាល ប្រចាំ​សាកលវិទ្យាល័យ Oxford ឱ្យដឹងថា COVID-19 នឹង​បញ្ចប់​នៅក្នុង​អំឡុងពេលផ្សេងៗគ្នា​ទៅតាម​តំបន់ផ្សេងៗគ្នា។ រដ្ឋាភិបាល​នានា​នឹងត្រូវ​ធ្វើការ​សម្រេចចិត្ត​ទៅលើ​កម្រិត​នៃ​ការ​រាតត្បាត​របស់​វីរុស​ដែល​ពួកគេ​អាច​រស់នៅ​ជាមួយ​បាន។

Erica Charters បញ្ជាក់ថា៖ «ដំណាក់កាល​នៃ​ទីបញ្ចប់​របស់ COVID-19 នឹងមិន​ស្របគ្នា​នៅទេ។ រោគរាតត្បាត​គឺជា​បាតុភូត​ជីវសាស្ត្រ ប៉ុន្តែ​វា​ក៏​ជា​បាតុភូត​នយោបាយ និង​សង្គម​ផងដែរ»។

ដូចដែល​បាន​រៀបរាប់​ខាងលើ ក្រុម​អ្នកជំនាញ​យល់ថា គ្រប់គ្នា​ត្រូវការ​ចាក់​វ៉ាក់សាំង​ឱ្យបាន​ទៀងទាត់ ដើម្បី​រក្សា​សមត្ថភាព​ការពារ​សុខភាព​ផ្ទាល់ខ្លួន​នៅ​ចំពោះមុខ «មហា​វីរុស» COVID-19៕

Advertisement